(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិ​បត្តិការលើវិស័យសុខាភិបាល ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកានេះ នៅទីក្រុងបាងកក ប្រទេសថៃ។

ក្នុងសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ បញ្ជាក់ថា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នឹងពិភាក្សាជាមួយសមភាគីថៃ គឺលោករដ្ឋមន្ដ្រីក្រសួងសុខភាពសាធារណៈ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យសុខាភិបាល នៃប្រទេសទាំង២។ កិច្ចសហប្រតិបត្តិការនឹងផ្ដោតលើ ការទប់ស្កាត់នឹងការឆ្លើយតបចំពោះជំងឺឆ្លង ឬជំងឺឆ្លងថ្មីឲ្យបានទាន់ពេលវេលា ការអភិវឌ្ឍន៍ធនធានមនុស្ស ការពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ និងការបង្កើនមន្ទីរពេទ្យ សម្ព័ន្ធមេត្រី ភាពរវាង ខេត្តជាប់ព្រំដែននៃប្រទេសទាំង២។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ដ្រី​ ម៉ម ប៊ុនហេង ក៏នឹងទៅទស្សនាក្រុមហ៊ុនផលិតសម្ភារៈបរិក្ខាពេទ្យមួយចំនួន និងទស្សនកិច្ចនៅមូលនិធិ POH TECK TUNG ដែលជាមូលនិធិជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះនៅតាមទីសាធារណៈដោយមិនយកកំរៃ ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ៕