(ភ្នំពេញ)៖ លោក ឡោ ធុរ៉ា ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយ នៃក្រសួងទេសចរណ៍ ​នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ឲ្យដឹងថា ក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃមកនេះ មានភ្ញៀវទេសចរអន្តរជាតិ ចូលរួមប្រមាណ ជាង១ម៉ឺននាក់ ក្នុងវេទិការទេសចរណ៍ មុខព្រះបរមរាជវាំង ដែលភាគច្រើនជាភ្ញៀវជនជាតិចិន។

លោក ឡោ ធុរ៉ា បានឲ្យដឹងថា «ចំពោះការចូលរួម តាមរយៈទីភ្នាក់ងារទេសចរណ៍របស់ភ្ញៀវទេសចរអន្តរជាតិនេះ ថ្ងៃទី១.មានប្រហែលជាង៣ពាន់នាក់, ថ្ងៃទី២.មានប្រហែល ៣ពាន់នាក់ទេ, ហើយថ្ងៃទី៣.មានដល់ទៅជាង៤ពាននាក់»

លោកបន្តថា មុនពេលព្រះរាជពិធីបុណ្យអុំទូកនេះមកដល់ ក្រសួងទេសចរណ៍ បានធ្វើការផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដូចជាទូរទស្សន៍អន្តរជាតិ CNN និងប្រព័ន្ធផ្សព្វផ្សាយជាតិមួយចំនួនទៀត។ ដោយឡែក ក្នុងពេលអង្គុយទស្សនាលើវេទិកា នាមុខព្រះបរមរាជវាំងនោះ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ក៏បានធ្វើការបកប្រែពី ប្រវត្តិនៃព្រះរាជពិធីបុណ្យអុំទូក ក៏ដូចជាការធ្វើអត្ថាធិប្បាយអំពីព្រះរាជបុណ្យ ជូនដល់ភ្ញៀវទេសចរនៅលើវេទិកានោះផងដែរ ដោយមានជាភាសាចិន ភាសាអង់គ្លេស និងភាសាបារាំង។

លោក ឡោ ធុរ៉ា បានបន្ថែមទៀតថា ក្រុមភ្ញៀវទេសចរអន្តរជាតិទាំងនោះ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ព្រមទាំងបានកោតសរសើរ ដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ដែលបានរៀបចំឲ្យមានព្រះរាជពិធីបុណ្យដ៏មានអត្ថន័យនេះឡើង គួបផ្សំជាមួយភូមិសាស្ដ្រទឹកដីដ៏ល្អគ្មានពីរ មានទន្លេចំនួន៤ហូរប្រសព្វគ្នា ដែលទាំងអស់នេះ មិនមានឡើយក្នុងប្រទេសរបស់ពួកគេ។

មិនត្រឹមតែប៉ុណ្ណោះ ក្រសួងទេសចរណ៍ ក៏បានបើកយុទ្ធនាការផ្សព្វផ្សាយអំពី ពិធីបុណ្យសមុទ្រដល់ភ្ញៀវទេសចរអន្តរជាតិក្នុងតំបន់ និងក្រៅតំបន់ផងដែរ ដែលក្រុមភ្ញៀវទេសចរទាំងនោះ បានបង្ហាញពីចំណាប់អារម្មណ៍ ចង់ចូលរួមក្នុងពិធីបុណ្យដ៏ធំនេះ បន្តទៀតផង។ ពិធីបុណ្យសមុទ្រនៅកម្ពុជាឆ្នាំនេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤-២៥ ខែធ្នូ ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕