(បន្ទាយមានជ័យ)៖ បុរសវ័យ៤០ឆ្នាំម្នាក់ កំពុងដង្ហោយរកយុត្តិធម៌ ពីអាជ្ញាធរមានសមត្ថកិច្ច ឲ្យជួយដោះស្រាយលើករណី សាច់ថ្លៃខាងប្រពន្ធ បានចាប់រំលោភកូនស្រី​របស់ខ្លួន ដែលមានអាយុទើបតែ៤ឆ្នាំ អស់រយៈពេលជិត៤ខែមកហើយ តែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ព្រោះកម្លាំងសមត្ថកិច្ចមូលដ្ឋាន ហាក់ធ្វើព្រងើយកន្តើយ ឯជនបង្ករស់នៅធម្មតា ដូចគ្មានរឿងអ្វីកើតឡើង។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News ទាំងទឹកមុខក្រៀមក្រំ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ លោក លាប លីតេង បានឲ្យដឹងថា កូនស្រីរបស់លោកមានឈ្មោះ ត.ស.គ អាយុទើបតែ៤ឆ្នាំប៉ុណ្ណោះ ត្រូវបងប្អូនសាច់ថ្លៃឈ្មោះ ពៅ អាយុជាង២០ឆ្នាំ បានចាប់រំលោភនាង តាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ តែត្រូវបានបែកការណ៍ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ខណៈរូបលោកបាននាំកូនស្រី មកពីលេងផ្ទះម្តាយបង្កើតវិញ។

លោក លាប លីតេង បានបន្តថា នៅពេលល្ងាច កូនស្រីរបស់លោកមកពីរៀនវិញ រូបលោកក៏នាំនាងទៅងូតទឹក ហើយនាងបានប្រាប់លោកថា «ខ្ញុំឈឺណាស់» លោកក៏យកថ្នាំទៅលាបលើភ្លៅរបស់នាង ស្រាប់តែនាងប្រាប់លោកវិញថា «ពូពៅ បានចាប់រំលោភខ្ញុំ»

លោកបន្ថែមថា ក្រោយដឹងហេតុការណ៍ទាំងនោះហើយ លោកក៏បានទៅរកឈ្មោះ ពៅ ជាសន្តិសុខនៅក្នុងភោជនីយ៍ដ្ឋាន «នាគទិព្វ១» ដើម្បីសួរនាំរឿងទាំងអស់ បែរជាឈ្មោះ ពៅ នោះបានវាយទៅលើរូបលោក បណ្ដាលឲ្យជាំភ្នែកខាងឆ្វេង ពេលនោះម្ចាស់ភោជនីដ្ឋាន «នាគទិព្វ១» បានចេញទៅឃាត់ និងចរចានិយាយគ្នា។

លោកបន្ថែមទៀតថា ក្រោយមកទៀត លោកបាននាំកូនស្រីទៅមន្ទីរពេទ្យ ដើម្បីពិនិត្យមើលអាការៈ ហើយគ្រូពេទ្យបានប្រាប់លោកថា នាងពិតជាត្រូវបានគេរំលោភ ព្រោះមានដាច់រលាត់ប្រដាប់ភេទ។ លោកក៏នាំកូនស្រីទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលសង្កាត់​ប៉ោយប៉ែត ដើម្បីជួយអន្តរាគមន៍ តែកម្លាំងសមត្ថកិច្ច មិនរវល់នឹងរឿងនេះឡើយ។ លោកមិនអស់ចិត្ត ក៏បន្តទៅដាក់ពាក្យបណ្ដឹង នៅអធិការនគរបាល ក្រុងប៉ោយប៉ែតទៀត ដើម្បីស្នើជួយអន្តរាគមន៍ តែរហូតដល់ពេលនេះ នៅតែមិនទាន់មានចំណាត់ការ ណាមួយនៅឡើយ។

ជុំវិញបញ្ហានេះ លោកប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បានប្រាប់ភ្នាក់ងារ Fresh News តាមទូរស័ព្ទថា ការងារចេញក្រដាសធ្វើកោសលក្យវិច្ច័យ បញ្ហារំលោភក្មេងស្រីខាងលើ គឺមិនអាចឲ្យអាណាព្យាបាលបានទេ មានតែខាងប្រព័ន្ធតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធតែប៉ុណ្ណោះ។ ចំណែកការរំលោភ មិនរំលោភនោះ លោកមិនអាចប្រាប់បានទេ ព្រោះជាការសម្ងាត់ ហើយរឿងកោសល្យវិច្ច័យនោះ ត្រូវបានក្រុមការងាររបស់លោក បញ្ជូនទៅកាន់មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យហើយ។

ជាមួយគ្នានេះ លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត បានប្រាប់ថា «ខាងយើងកំពុង​រង់ចាំ ក្រដាសកោសល្យវិច័យសិន ពេលមកដល់ហើយ យើងនឹងពិនិត្យមើល បើឃើញថា មានករណីរំលោភលើកុមារីរងគ្រោះមែន កម្លាំងយើងនឹង​ចុះឃាត់ខ្លួនជនបង្កតែម្តង ដើម្បីចាត់ការតាមផ្លូវច្បាប់»