(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា គ.ជ.ប មិនរំពឹងថាប្រជាពលរដ្ឋទាំង ៩លាន៦សែននាក់ បានទៅចុះឈ្មោះបោះឆ្នោតគ្រប់គ្នានោះទេ ហើយ គ.ជ.ប ក៏គ្មានផែនការពន្យារ​ពេលចុះឈ្មោះ​បោះឆ្នោតនេះ បន្ថែមទៀតដែរ។

លោក ហង្ស ពុទ្ធា បានឲ្យដឹងថា «យើងនឹងបើកកិច្ចប្រជុំមួយ នៅពេលខាងមុខ ថាតើគួរតែចាត់វិធានការយ៉ាងណា ដើម្បីជំរុញឲ្យការចុះឈ្មោះបោះឆ្នោត កាន់តែច្រើនឡើងថែមទៀត តែអ្វីដែលជាតម្រុយនោះ ប្រហែលជាមិនមានការពន្យារពេលចុះឈ្មោះបោះឆ្នោតបន្ថែមទៀតទេ ហើយ គ.ជ.ប ក៏កំពុងតែត្រៀមធ្វើការប្រជុំ​សម្រេចរឿងហ្នឹង​ហើយ»។   

បើគិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកានេះ នៅសល់តែ១៣ថ្ងៃ ទៀតប៉ុណ្ណោះ ដំណើរការចុះឈ្មោះ​បោះឆ្នោត ទូទាំងប្រទេសកម្ពុជា នឹងត្រូវបិទបញ្ចប់។ ប្រជាពលរដ្ឋបានទៅចុះ​ឈ្មោះបោះឆ្នោត មានចំនួនត្រឹមតែ ៧,១៩០,៦៧៨នាក់ប៉ុណ្ណោះ (គិតត្រឹមម៉ោង ៦ល្ងាចម្សិលមិញ) ខណៈដែលអ្នកដែលមាន​សិទ្ធិបោះឆ្នោត​នៅកម្ពុជា មានចំនួនជាង ៩.៦លាននាក់។

លោកបន្តថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣-៤ថ្ងៃនេះ សមាជិកទាំង៩រូបរបស់ គ.ជ.ប បានចុះទៅដល់ទីតាំងចុះឈ្មោះបោះឆ្នោតទាំង ២៥រាជធានី-ខេត្ត ដើម្បីសង្កេតមើលការចុះឈ្មោះបោះឆ្នោតនៅទីនោះ ដោយពិនិត្យទៅឃើញថា ប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោត ទើបនឹងមានដល់ ៧៤.៤០ភាគរយប៉ុណ្ណោះ។

ទោះយ៉ាងណា លោក ហង្ស ពុទ្ធា បានមិនរំពឹងថា ប្រជាពលរដ្ឋនឹងទៅចុះឈ្មោះបោះឆ្នោតបានគ្រប់គ្នានោះទេ ដែលមូលហេតុទាំងនេះ ដោយសារប្រជាពលរដ្ឋមិនទាន់​មានយល់ដឹងច្រើន​អំពីការ​ចុះ​ឈ្មោះ​បោះឆ្នោត ពិសេសមានពលករខ្មែរជាច្រើនសែននាក់ ដែលបានធ្វើចំណាកស្រុកទៅរស់នៅ និងធ្វើការនៅក្រៅប្រទេស ហើយមិនអាចត្រឡប់មកចុះឈ្មោះបោះឆ្នោត នៅប្រទេស​កំណើតខ្លួន​វិញ។

បញ្ហាចោទនេះ ត្រូវបានអ្នកនាំពាក្យ គ.ជ.ប រូបនេះ បានអះអាងថា គ.ជ.ប មិនអាចធ្វើអ្វីលើសពីក្របខណ្ឌច្បាប់ ស្ដីពី ការបោះឆ្នោតនៃព្រះរាជាណាចក្រកម្ពុជា បានឡើយលើកលែង​តែមានវិសោធន៍​កម្មច្បាប់នេះ​ឡើងវិញ ទើបពលករទាំងនោះ​អាចចុះឈ្មោះ​បោះឆ្នោត នៅក្រៅប្រទេសបាន៕