(ព្រះសីហនុ)៖ បន្ទាប់ពីសួរនាំរយៈពេលប៉ុន្មានម៉ោង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ តុលាការខេត្តព្រះសីហនុ បានសម្រេចឃុំខ្លួន លោក គៀង ហេង អតីតសង្សាររបស់កញ្ញា ពេជ្រ អាវីហ្សា នោះហើយពាក់ព័ន្ធនឹងករណីវាយដំយ៉ាងធ្ងន់ធ្ងរទៅលើតារាស្រីរូបនេះ។ នេះបើតាមការដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន ដែលចេញដោយចៅក្រមស៊ើបសួរ នៃតុលាការខេត្តព្រះសីហនុ លោក អ៉ី ឃាង។

លោក គៀង ហេង ដែលជាជនបង្ក និង កញ្ញា ពេជ្រ អាវីហ្សា ដែលជាជនរងគ្រោះ ត្រូវបានស្នងការនគរបាលខេត្តព្រះសីហនុ កោះហៅទៅសួរនាំនៅវេលាថ្ងៃត្រង់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជុំវិញរឿងអំពើហិង្សាដែលបណ្តាលឱ្យផ្អើលពេញបណ្តាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយទោះបីជា លោក គៀង ហេង បានអះអាងថា គ្រួសារអ្នកទាំងពីរបានសម្រួលគ្នា ហើយកញ្ញា ពេជ្រ អាវីហ្សា មិនប្តឹងក៏ដោយ។ បន្ទាប់ពីសួរនាំ សមត្ថកិច្ចក៏បានឃាត់ខ្លួន និងបញ្ជូន ជនសង្ស័យទៅកាន់តុលាការភ្លាមៗផងដែរ។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងជាទូទៅថា ករណីបង្កហឹង្សាជាករណីព្រហ្មទណ្ឌ ដែលស្ថាប័នអយ្យការ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ដើម្បីឈានដល់ការផ្តន្ទាទោសជនល្មើសតាមច្បាប់។ ការសម្របសម្រួលសំណងជាផ្នែកមួយនៃដំណោះស្រាយផ្ទាល់រវាងភាគី តែពុំអាចផ្អាក ឬបញ្ចប់នីតិវិធី ក្នុងរឿងព្រហ្ម​ទណ្ឌបាននោះទេ។

សូមបញ្ជាក់ថា តារាសម្តែង កញ្ញា ពេជ្រ អាវីហ្សា បានរងរបួសផ្ទៃមុខ ដោយដាច់រយៈនិងមានស្លាកស្នាមជាំលើដងខ្លួនយ៉ាងធ្ងន់ធ្ងរ ដោយការប្រើអំពើហិង្សា ពីសំណាក់អតីតសង្សាររបស់នាង នាពីយប់ថ្ងៃទី​១៣ខែវិច្ឆិកា នៅក្លឹប LV ក្នុងខេត្តព្រះសីហនុ ខណៈដែលនាងបានធ្វើដំណើរទៅកម្សាន្ត ក្នុងឱកាសបុណ្យអំទូកថ្ងៃទី១ ជាមួយមិត្តភក្តិរបស់នាង។

ស្រីស្រស់ ពេជ្រ អាវីហ្សា បានលើកឡើងថា ស្នាមរបួសនេះបានកើតឡើង ដោយ លោកគៀង ហេង ដែលជាអតីតសង្សារ បានមកស្ទាក់វាយនាងបណ្តាលឲ្យរបួស ហើយនាងក៏សម្រេចចិត្ត​ទម្លាយរឿង​នេះ មកឲ្យប្រិយមិត្តបានដឹង ដោយសារលោក គៀង ហេង បានវាយធ្វើបាបនាងជាច្រើនដងមកហើយ និងបានគំរាមកំហែងទៀត ព្រោះលោក ហេង មានកាំភ្លើងជាប់ខ្លួន៕