(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានស្នើឱ្យប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៉ី គួររៀនធ្វើអំពើល្អ ហើយបញ្ឈប់យកសាកសពធ្វើជាទុននយោបាយ។

ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហោះសារនយោបាយជាមួយនឹងរូបភាព កម្មកររងគ្រោះនៅលើទំព័រ Facebook របស់លោក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយបំផុសថា «បើមិនចង់ឃើញគេបាញ់សម្លាប់កម្មករ សូមទៅចុះឈ្មោះបោះឆ្នោត ហើយត្រៀមបោះឆ្នោត ដើម្បីឲ្យមានការផ្លាស់ប្តូរ»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ថា លោក សម រង្ស៊ី កំពុងប្រើប្រាស់នយោបាយប្រជាភិថុត និងប្រើប្រាស់សាកសពប្រជាជនកម្មករស្លូតត្រង់ ដែលសុទ្ធតែអ្នកបានធ្លាក់ខ្លួន​លង់ជឿពាក្យញុះ​ញង់កុហកបោកប្រាស់​របស់ពួកអ្នកនយោ​បាយ ហើយថា នយោបាយលោក សម រង្ស៊ី នេះ គ្មានមូលដ្ឋានទស្សន​វិជ្ជានោះទេ ព្រមទាំងបង្កការគ្រោះ​ថ្នាក់ដល់សន្តិភាពថែមទៀត។

លោក សួស យ៉ារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គ្រោះថ្នាក់បច្ចុប្បន្នដែលអាចប្រឈមចំពោះសន្តិភាពនៅកម្ពុជា គឺដោយសារមានបុគ្គលនយោបាយដឹកនាំ គ្មានមូលដ្ឋានទស្សនវិជ្ជាដូច លោក សម រង្ស៊ី ដែលបានប្រើប្រាស់ នយោបាយប្រជាភិថុត និងសាកសពប្រជាជនកម្មករស្លូតត្រង់ដែលសុទ្ធតែអ្នកបានធ្លាក់ខ្លួន លង់ជឿពាក្យញុះញង់កុហកបោកប្រាស់ របស់ពួកអ្នកនយោបាយ​ប្រជានិយមមួយក្តាប់តូច ដែលកំពុងរត់គេចចេញពីសំណាញ់ច្បាប់»។ លោកបានបន្ថែមថា «ទុននយោបាយរបស់ លោក សម រង្ស៊ី បានចាយអស់ហើយ ព្រោះពុំបានសាងអំពើល្អសម្រាប់ទុកជាកេរដំណែល នៃអ្នករួមចំណែកកសាងសន្តិភាព ឬក៏ជាព្រឹទ្ធិបុរសនៃអ្នកប្រជាធិបតេយ្យ ដែលគួរគោរពចងចាំសម្រាប់យុវជនជំនាន់ក្រោយទេ»

លោក សួស យ៉ារ៉ា បានបន្ថែមយ៉ាងដូច្នេះថា «រាល់កំហុសទាំងអស់ ក៏មិនបានដាក់កំហុសទៅលោក សម រង្ស៊ី ទាំងស្រុងទេ ព្រោះដោយសារពាក្យផ្លាស់ប្តូរគឺជាពាក្យ ប្រវត្តិសាស្ត្រ របស់កម្ពុជាដែល​ជាមូលហេតុធ្វើឱ្យ លោក សម រង្ស៊ី មិនបានរស់នៅក្នុងប្រទេសពាក់កណ្តាលជីវិត មិនបានយល់អំពីធម៌ព្រះពុទ្ធសាសនា មិនបាន គោរពសាកសពដែល​បានពលីជីវិត ដើម្បីបុព្វហេតុនយោបាយរបស់ខ្លួន មិនបានប្រើទស្សនវិជ្ជាខ្មែរផ្សព្វផ្សាយគុណធម៌ ហើយដឹងរឿងតែមួយគត់ គឺនយោបាយសងសឹក និងផ្លាស់ប្តូរដោយហឹង្សា»

សូមបញ្ជាក់ថា លោក សម រង្ស៉ី បាននិរទេសខ្លួនឯងទៅក្រៅប្រទេស កាលពីឆ្នាំមុន បន្ទាប់ពីតុលាការបញ្ជាឱ្យអនុវត្តសាលក្រម ករណីលោកចោទប្រកាន់លើ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ ពេលនេះលោកក៏កំពុងញ៉ាំញីដោយពាក្យបណ្តឹង ក្នុងនោះមានបណ្តឹងបរិហារកេរ្តិ៍លើសម្តេច ហេង សំរិន, បណ្តឹងបរិហារកេរ្តិ៍ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាបណ្តឹងមួយផ្សេងទៀត ពាក់ព័ន្ធនឹងការបង្ហោះឯកសារក្លែង បំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ ជាដើម៕