(ម៉ារុក)៖ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាបានបង្កើនការវិភាជន៍ថវិកាជាតិ សម្រាប់ចំណាយពាក់ព័ន្ធអាកាសធាតុជាប្រចាំ ហើយ​កំពុងពិចារណារៀបចំវិធានការជាប្រព័ន្ធ ដើម្បីលើកកម្ពស់ការវិនិយោគឆ្លាតខាងអាកាសធាតុ ដោយរួមបញ្ចូលទាំងការបង្កើតក្រមបរិស្ថាន ការបង្កើតកញ្ចប់ថវិកាសេវាអនាម័យបរិស្ថាន ការយកកម្រៃបន្ថែមលើសេវា នៃការធ្វើដំណើរតាមផ្លូវអាកាស ក៏ដូចជាការបញ្ឈប់ការកាប់ព្រៃឈើ​។

នេះជាការថ្លែងក្នុងសុន្ទរកថា របស់លោករដ្ឋមន្ដ្រី សាយ សំអាល់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងឱកាសដែល គណៈប្រតិភូកម្ពុជា ដែលមានសមាសភាពជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដឹកនាំដោយ​រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ចូលរួមក្នុងសន្និសីទបណ្តាភាគីលើកទី២២ (CoP22) នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC) ដែលបាននឹងកំពុងប្រព្រឹត្តទៅ នៅទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារុក ចាប់ពីថ្ងៃទី៧ ដល់​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។

លោករដ្ឋមន្ដ្រី សាយ​ សំអាល់ បញ្ជាក់ថា កម្ពុជាបាននឹងកំពុង រៀបចំអនុវត្តសាកល្បងគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី គម្រោងរេដបូក និងគម្រោងការពារ និងអភិរក្សជីវៈចម្រុះជាច្រើនទៀតផង។ ជាមួយគ្នាដែរ លោករដ្ឋមន្ដ្រី បានថ្លែងបញ្ជាក់ពីគោលជំហរកម្ពុជា ក្នុងការទាមទារឲ្យអន្ដរជាតិមានការប្តេជ្ញាចិត្ត កាន់តែខ្លាំង និងមានយន្តការក្របខណ្ឌហិរញ្ញវត្ថុច្បាស់លាស់។

លោកបន្ថែមថា ​«កម្ពុជាបានចាប់ផ្តើមអនុវត្តការប្តេជ្ញារបស់ខ្លួន ប៉ុន្តែឆន្ទៈទាំងនោះអាចនឹងសម្រេចទៅបាន ប្រសិនបើយើងទទួលបានការគាំទ្រគ្រប់គ្រាន់ និងទាន់ពេលវេលាពីដៃគូរបស់យើង។ ក្នុងនាមជាប្រទេសអភិវឌ្ឍតិចតួច យើងត្រូវការការទទួលបានកាន់តែប្រសើរ និងទាន់ពេលវេលានូវហិរញ្ញវត្ថុអាកាសធាតុអន្តរជាតិ ការផ្ទេរបច្ចេកវិទ្យា និងការគាំទ្រសម្រាប់កសាងសមត្ថភាពស្ថាប័ន និងធនធានមនុស្សពីបណ្តាប្រទេសអភិវឌ្ឍន៍»។

សូមបញ្ជាក់ថា ​គោលបំណងនៃកិច្ចប្រជុំប្រចាំឆ្នាំ របស់បណ្តាភាគីជាសមាជិកនៃអនុសញ្ញា UNFCCC គឺដើម្បីបន្តពង្រឹង និងបង្កើនការឆ្លើយតបជាសកល ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រឹងការប្តេជ្ញាចិត្ត ការបង្កើនការអនុវត្ត និងការផ្តល់ការគាំទ្រពីភាគីពាក់ព័ន្ធ៕