(ភ្នំពេញ)៖ ស្រ្តី២នាក់ ម្នាក់ជាម្នាក់បំណុល និងម្នាក់ទៀតជាកូនស្រីរបស់កូនបំណុល បានប្រតាយប្រតប់គ្នាអស់មួយប្រាវ រួចក៏រត់ឲ្យគេជួយ បង្កការភ្ញាក់ផ្អើល ពេញផ្សារទួលពង្រ ដោយសារស្រ្តីម្ចាស់បំណុលសួររកលេខទូរស័ព្ទរបស់កូនបំណុល ពីកូនស្រីកូនបំណុលមិនបានដូចចិត្ត ក្រោយជំពាក់លុយ៨០ដុល្លារ។

អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ស្រ្តីជាម្ចាស់បំណុលមានឈ្មោះ ពៅ ជាអាជីវករលក់គ្រឿងអលង្ការក្រឡៃចំណែកយុវតីរងគ្រោះមានឈ្មោះ ឃឹម សុវណ្ណារី អាយុ១៧ឆ្នាំ មុខរបរជួសជុលទូរស័ព្ទ មានស្រុកកំណើតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ និងម្តាយដែលជាកូនបំណុលនោះមានឈ្មោះ ហ៊ុក វណ្ណី អាយុ៣០ឆ្នាំ ជាអ្នកលក់ទឹកអំពៅ ស្នាក់នៅកន្លែងកើតហេតុជាមួយកូនស្រី។

ហេតុការណ៍ចលាចលមួយប្រាវនេះ កើតឡើងក្នុងផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយស្រ្តីម្ចាស់បំណុល ឈ្មោះ ពៅ បានបង្កឲ្យយុវតីឈ្មោះ ឃឹម សុវណ្ណារី រងបួសរលាត់ដៃបន្តិច។

យុវតីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ ស្រ្តីដែលជាម្ចាស់បំណុលបានហៅខ្លួន ទៅសួររកលេខទូរស័ព្ទរបស់ម្តាយខ្លួន ដើម្បីទាក់ទងទារលុយដែលជំពាក់នោះ តែខ្លួនបានឆ្លើយថាមិនស្គាល់លេខរបស់ម្ដាយខ្លួនទេ ស្រាប់តែស្រ្តីម្ចាស់បំណុល បានសំឡុតខ្លួនថា «លាក់លេខទូរស័ព្ទម្តាយ» ថែមទាំងចាប់ក្របួចកអាវខ្លួន បង្កជាការប្រតាយប្រតប់គ្នាបណ្តាយឱ្យយុវតីខាងលើរងរបួសរលាត់ដៃ ហើយរត់រកគេជួយ បង្កការភ្ញាក់ផ្អើលពេញផ្សារ តែម្តង៕