(ភ្នំពេញ)៖ សហជីពធំៗនៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជា តំណាងឲ្យ ក្រុមកម្មករ-កម្មការិនី រាប់ម៉ឺននាក់ ៣បន្ថែមទៀត បានចេញសេចក្ដីថ្លែងការណ៍គាំទ្រ និងស្វាគមន៍យ៉ាងពេញទំហឹងចំពោះប្រសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយបានអំពាវនាវដល់ម្ចាស់ជួលទាំងអស់ កុំដំឡើងថ្លៃបន្ទប់ ដល់កម្មករ-កម្មការិនី ដែលពួកគេនឹងទទួលបាន ប្រាក់ឈ្នួលអប្បបរមាថ្មី១៥៣ដុល្លារ នៅដើមឆ្នាំ២០១៧នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃបន្ទប់ បានធ្វើឡើងក្នុងឱកាសសម្ពោធ រោងចក្រកូកាកូឡាថ្មី របស់ក្រុមហ៊ុនអាមេរិក តម្លៃប្រមាណ១០០លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រាជធានីភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។

សេចក្ដីថ្លែងការណ៍របស់ក្រុមសហជីព ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ រួមមាន៖ ទី១.សហព័ន្ធសហជីពសាមគ្គីភាព​ ទី២.សហព័ន្ធសហជីពឯករាជ្យកម្ពុជា តំណាងឲ្យកម្មករ-កម្មការិនីជិត២ម៉ឺននាក់ ទី៣.ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ដែលមានសហភាព​សហជីពចំនួន០៩ និងសហព័ន្ធសហជីព សមាគម អង្គការចំនួន៧៣ តំណាងឲ្យកម្មករ-កម្មការិនី៥៩ម៉ឺននាក់។

សេចក្ដីថ្លែងការណ៍របស់ក្រុមសហជីពទាំងនេះ បានលើកឡើងស្រដៀងគ្នាថា ការអំពាវនាវរបស់សម្ដេចតេជោ គឺជាការអាណិតអាសូរ យកចិត្តទុកដាក់ពីសុខទុក្ខរបស់កម្មករនិយោជិត ក៏ដូចជា ការទាក់ទាញក្រុមវិនិយោគមកដាក់ទុនរកស៊ី នៅកម្ពុជា។

ជាមួយគ្នានេះ ក្រុមសហជីពខាងលើ មានជំនឿ និងសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធទាំងអស់នឹងមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពខ្ពស់ បំផុត កុំឲ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃបន្ទប់។

កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងណាស់ ដើម្បីលើកស្ទួយជីវភាព កម្មករ តាមរយៈកាត់បន្ថយការចំណាយ ដូចជាការតបណ្តាញអគ្គិសនី និងបណ្តាញទឹកដល់បន្ទប់ជួល។ សម្តេចបានជំរុញ ឲ្យអាជ្ញាធរអគ្គិសនី និងរដ្ឋាករទឹកបន្តធ្វើការតបណ្តាញទឹក និងអគ្គិសនីបន្ថែមទៀតទៅតាមបន្ទប់ជួលរបស់កម្មករ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែងជើងចំនួន ១៥៣ដុល្លារ នៅឆ្នាំ២០១៧ ខាងមុខនេះ។ ប្រាក់ឈ្នួលនេះ បានកើនឡើងប្រមាណ ១៣ដុល្លារ បើធៀបនឹងប្រាក់ឈ្នួលអប្បបរមា នៅឆ្នាំ២០១៦។

ក្រោយពីមានការប្រកាសពីសម្តេចតេជោ ហ៊ុន សែន សង្កេតឃើញថា មានសហជីពធំៗនៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់និងផលិត ស្បែកជើងនៅកម្ពុជា ជាច្រើនបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ក្នុងនោះរួមមាន សហភាពសហព័ន្ធសហជីពជាតិកម្ពុជា ដែលមានលោកបណ្ឌិត ជួន មុំថុល ជាប្រធាន មានសមាជិកជាង៣១ម៉ឺននាក់ មកពីសហជីពមូលដ្ឋាន៣៨០ និងសហព័ន្ធសហជីព ចំនួន១៧, ទី២.សហភាពជាតិកម្ពុជាការពារកម្មករ ដែលមានលោក សាត់ ឈាងហួ ជាប្រធាន មានសមាជិក សមាជិកាជាង៥ម៉ឺននាក់ តំណាងឲ្យអង្គការសមាគមសហព័ន្ធសហជីពចំនួន៨, ទី៣.សហភាពសហជីពជាតិឯករាជ្យកម្ពុជា ដែលមានលោក ហេង ប៊ុនឈុន ជាប្រធាន, ទី៤.សហភាពកម្ពុជាពន្លឺកម្មករ ដែលមានលោក អ៊ុន ដារ៉ា ជាប្រធាន និងទី៥.សហព័ន្ធសហជីពសម្លេងយុវជនខ្មែរ ដែលមានលោក ឡុង សុផាត ជាប្រធាន ទី៦. សម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី ជាប្រធាន ទី៧. សម្ព័ន្ធសហជីព​មិត្តភាពកម្មករ លោក សៀង សម្បត្តិ ជាប្រធាន ទី៨. សហព័ន្ធសហជីពដើម្បីកម្មករ លោក ពុធ សុវណ្ណ ជាប្រធាន ទី៩. ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា លោកស្រី ទេព គីមវណ្ណារី ជាប្រធាន ទី១០. សហព័ន្ធសហជីពឯករាជ្យកម្ពុជា លោក អ៊ុក សុបុណ្ណា ជាអនុប្រធាន ទី១១. សហព័ន្ធសហជីពសាមគ្គីភាព លោក ណៃ សុខវាសនា ជាប្រធាន ទី១២. សហភាពស្មារតីយុវជនដើម្បីការងារក​ម្ពុជា អនុបណ្ឌិត មុំ សៀក ជាប្រធាន៕