(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រកាសសាលក្រមផ្តន្ទាទោស មនុស្ស១០នាក់ ដែលជាសមាជិកនៃរណសិរ្សរំដោះជាតិខ្មែរ ឱ្យជាប់ពន្ធនាគារចន្លោះពី៥ឆ្នាំទៅ៩ឆ្នាំ ពាក់ព័ន្ធនឹងករណីរួមគំនិតក្បត់ជាតិ។ ជនជាប់ចោទទាំង១០នាក់ ត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទទាំងនោះរួមមាន ឈ្មោះ ឈុន ណាគង់ អាយុ២៨ឆ្នាំ មុខរបរគ្រូបង្រៀន, ឈ្មោះ លីវ យី អាយុ២៩ឆ្នាំ មុខរបរកសិករ, ឈ្មោះ ឈុន ឆាត អាយុ២៩ឆ្នាំ មុខរបរកម្មករនៅប្រទេសថៃ, ឈ្មោះ ច្រាញ់ ម៉ុច អាយុ២៤ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៣ ផ្នែករដ្ឋបាល, ឈ្មោះ ឡាត់ លីហេង អាយុ២២ឆ្នាំ មុខរបរកសិករ, ឈ្មោះ ឆាយ វ៉ិច អាយុ៤០ឆ្នាំ មុខរបរគ្រូបង្រៀន, ឈ្មោះ ឈឹម ស្ម័គ្រ អាយុ៥៧ឆ្នាំ មុខរបរកសិករ , ឈ្មោះ ចាន់ រ៉ា អាយុ២៣ឆ្នាំ មុខរបរកសិករ, ឈ្មោះ អាន ចាន់ អាយុ៣៥ឆ្នាំ មុខរបរកសិករ និង ឈ្មោះ ចាន់ ស្នា អាយុ២៧ឆ្នាំ មុខរបរកសិករ ។

នាសវនាការ កន្លងទៅ ពួកគេសារភាពថា ការចូលរួមចែកចាយសេចក្តីអំពាវនាវរបស់រណសិរ្សរំដោះជាតិខ្មែរ លិខិតអញ្ជើញចូលរួមធ្វើបាតុកម្មប្រឆាំងនឹងវៀតណាម និងការចែកចាយមួកត្នោតដែលមានស្លាករណសិរ្សរំដោះជាតិខ្មែរនោះ គឺ ដោយសារចាញ់បោកអ្នកនយោបាយមួយចំនួនពោលគឺ លោក សម សេរី ជាមេខ្លោង ដែលកំពុងរត់គេចខ្លួន ។ ពួកគេសង្ឃឹមថា ប្រសិនបើតុលាការដោះលែងពួកគេនោះ ពួកគេនឹងចូលរួមបម្រើប្រទេសជាតិ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ។

គួរបញ្ជាក់ថា រណសិរ្សរំដោះជាតិខ្មែរ ដែលបានបង្កើត និងដឹកនាំដោយ ឈ្មោះ សម សេរី ជាប្រធាន កំពុងរត់គេចខ្លួននៅក្រៅប្រទេស ហើយក៏ត្រូវសមត្ថកិច្ចប្រកាសឃាត់ខ្លួនផងដែរ៕