(ប៉ៃលិន)៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តប៉ៃលិន សហការជាមួយកម្លាំងនគរបាលខេត្ត បានចុះមកជួយសម្របសម្រួល រវាងភាគី តំណាងក្រុមហ៊ុន និងតំណាង បុគ្គលិកជិត១០០នាក់ ដែលពួកគាត់បានមកប្រមូលផ្តុំគ្នាតវ៉ា នៅខាងមុខកាស៊ីណូ «ម្កុដពេជ្រ» នៅជាប់ក្បែរច្រកទ្វារអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ដោយទាមទារ ឱ្យថៅកែឈ្មោះ Mr. Sin ជាជនជាតិកូរ៉េ ដែលបានជួលតុ បន្តចំនួន១២ ពីកាស៊ីណូ «ម្កុដពេជ្រ» ដើម្បីឲ្យបើកប្រាក់ខែ ជូនពួកគាត់ និងរកដំណោះស្រាយ បន្ទាប់ពីថៅកែរូបនេះ បានផ្អាកការងារ​របស់ពួកគាត់ និងមិនមានប្រាក់ឧបត្ថម្ភ ក្នុងការដោះស្រាយ​ជីវភាពនៅពេលដែលពួកគាត់គ្មានការងារធ្វើ។

តំណាងបុគ្គលិក​ បានឲ្យភ្នាក់ងារ Fresh News នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ថា ជារាងរាល់ខែ ថៅកែតែងតែបើកប្រាក់ខែឲ្យពួកគាត់ នៅថ្ងៃទី០៣ ជាប្រចាំ ហើយរហូតមកដល់ថ្ងៃទី១១ ខែធ្នូ ថៅកែនៅមិនទាន់បានបើកប្រាក់ខែឲ្យពួកគាត់ និងបានផ្អាកការងាររបស់ពួកគាត់ មិនមានពេលកំណត់ ទើបពួកគាត់នាំគ្នាមកតវ៉ា ពីព្រោះពួកគាត់មកធ្វើការនៅទីនេះ គឺត្រូវការប្រាក់បង់ថ្លៃជួលផ្ទះ ថ្លៃទឹក ថ្លៃភ្លើង និងដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយពួកគាត់ក៏បានសំនូមពរដល់អាជ្ញាធរ និងមន្ត្រីជំនាញឲ្យជួយរកដំណោះស្រាយជូនពួកគាត់ផង។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ភី ឡងឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវខេត្តប៉ៃលិនបានឲ្យភ្នាក់ងារ Fresh News ដឹងថា បញ្ហាដំណោះស្រាយ រវាងភាគីថៅកែ និងបុគ្គលិក ហើយជាលទ្ធផល នៅវេលាម៉ោង១រសៀលថ្ងៃដដែល ថៅកែបានយល់ព្រមបើកប្រាក់ខែឱ្យបុគ្គលិកគ្រប់ចំនួន ដោយម្នាក់ទទួលបានចាប់ពី ៧០០០បាត ទៅ ១៥០០០បាត តាមមុខតំណែងរៀងៗខ្លួន។

លោកបានបន្តថា ចំពោះបញ្ហាការផ្អាកការងាររបស់បុគ្គលិក មួយរយៈដោយពេលកំណត់ គឺមិនមានដំណោះស្រាយទេ ដោយតំណាងថៅកែបានលើកឡើងថា ថៅកែគាត់បានក្ស័យធនទៅហើយ គឺគ្មានប្រាក់ទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅបុគ្គលិកកាស៊ីណូនាំគ្នាតវ៉ា បង្កឱ្យមានការភ្ញាក់ផ្អើលផងដែរ ដោយថៅកែកាស៊ីណូហ្គោលឌិនវិចតូរីយ៉ា (Golden Victoria Casino) ដែលមានថៅកែជាជនជាតិចិន មិនព្រមបើកប្រាក់ខែឲ្យបុគ្គលិកដែលធ្វើការងារនៅទីនោះជាង១០០នាក់ ហើយនៅពេលដែលមន្ទីរការងារ ចុះទៅ​ធ្វើការសម្របសម្រួល  ទើបថៅកែកាស៊ីណូ បានសុំបើកប្រាក់ខែមុន ឲ្យបុគ្គលិកទាំងនោះក្នុងម្នាក់ៗ ចំនួន ២០០០បាត(ប្រាក់ថៃ)សិន ដោយសន្យាថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ទើបគាត់បើកប្រាក់ខែឲ្យគ្រប់ចំនួនតែម្តង៕