(ឧត្តរមានជ័យ​)៖​ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងសំរោង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ និងប៉ុស្តិ៍រដ្ឋបាលកូនក្រៀល​ ដែលដឹកនាំដោយលោក ស៊ុន សាន អធិការក្រុង បានចាប់ខ្លូនជនសង្ស័យប្រុសស្រី៤នាក់ ពាក់ព័ន្ធក្នុងករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន ហើយបានបញ្ជូនទៅ​តុលាការ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ។​

លោកឧត្តមសេនយ៍ទោ​ ម៉ែន​ លី​ ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ ​បានប្រាប់​ភ្នាក់ងារ ​Fresh News ឲ្យដឹងថា ក្រោយ​មានការ​សម្របសម្រួល ​ពីព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត​ ហើយកម្លាំង​ជំនាញចុះប្រតិបត្តិការ​បង្ក្រាប​ កាលពីនៅរសៀលថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០១៦​ម្សិលមិញ​​ ដែលបានធ្វើឡើង២ទីតាំងផ្សេងគ្នា នៅចំណុចភូមិគោកចាន់រី ផ្លូវទៅភ្នំបាក់ ស្ថិតនៅភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី​បាន​៤នាក់​ ទី១៖ឈ្មោះ ហាក់ រ៉ា​ ភេទ​ស្រី អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិដើមជ្រៃ សង្កាត់ស្មាច់ ក្រុងសំរោង, ទី២៖ឈ្មោះ ស្រី ភក្តី ភេទប្រុស អាយុ​២០ឆ្នាំ ​រស់នៅភូមិឈើក្រុម សង្កាត់កូនក្រៀល ក្រុងសំរោង, ទី៣៖ឈ្មោះ ប្រុស សង្ហា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិគោកចាន់រី សង្កាត់កូនគ្រៀល ក្រុងសំរោង,​ និងទី៤៖ឈ្មោះ​ យឿន សុពាង ភេទប្រុស​ អាយុ២១​ឆ្នាំ រស់នៅភូមិគោកអំពិល សង្កាត់កូនក្រៀល ក្រុងសំរោង។                                                    

លោកស្នងការបញ្ជាក់ថា ក្រោយឃាត់ខ្លួនកម្លាំងនគរបាលជំនាញ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ១៦កញ្ចប់, ប្រភេទគ្រាប់WY ៣គ្រាប់ និងម៉ូតូ៤គ្រឿង ព្រមទាំងវត្ថុតាងមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅ សាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្ដ៕