(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នឹងចូលបំភ្លឺជូនរដ្ឋសភា នៅវេលាម៉ោង៨៖០០ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ តាមសំណើរបស់ក្រុមតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ។ នេះបើតាមការបញ្ជាក់របស់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា។

លោក ឡេង ប៉េងឡុង បានអះអាងប្រាប់ Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះថា អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភា ទើបនឹងទទួលបានការឆ្លើយតប ពីខាងរាជរដ្ឋាភិបាល អំពីការអនុញ្ញាតឱ្យ លោក ស៊ុយ សែម ចូលបំភ្លឺជុំវិញចម្ងល់របស់ ក្រុមតំណាងរាស្រ្ត គណបក្សប្រឆាំង នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ខាងមុខនេះ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ បានស្នើកោះអញ្ជើញ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឱ្យចូលបំភ្លឺ នៅក្នុងរដ្ឋសភា ពាក់ព័ន្ធនឹងការអនុវត្តការងារមួយចំនួន។

លោក​ ហូ វ៉ាន់ ប្រធានគណៈកម្មការទី១០ មកពីគណបក្សសង្រ្គោះជាតិ ធ្លាប់បានបញ្ជាក់ថា ការកោះអញ្ជើញនេះ ក៏មានការពាក់ព័ន្ធ ទៅនឹងភាពមិនប្រក្រតីនៃរបាយការណ៍នាំចេញខ្សាច់ របស់ប្រទេសកម្ពុជា៕