(កោះកុង)៖ មន្ដ្រីយោធាម្នាក់ នៅស្រុកស្រែអំបិល ត្រូវរថយន្ដសណ្ដោងរ៉ឺម៉កមួយគ្រឿង ​បុកបណ្ដាលឲ្យស្លាប់ភា្លមៗ នៅយប់ថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០១៦នេះ នៅចំណុច​ភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង​។

មន្ដ្រីនគរបាល មូលដ្ឋានបានឲ្យដឹងថា ​រថយន្តបង្កម៉ាក FUSO ពណ៌បៃតង ប្រភេទសណ្តោងរ៉ឺម៉ក ពាក់ស្លាកភ្នំពេញ 3C-0554 ​បើកបរពីកើតមកលិច លុះធ្វើដំណើរដល់ចំណុចខាងលើ ក៏បានបុកម៉ូតូម៉ាក វេវ​ គ្មានពាក់ស្លាក​លេខ​ បើកបរដោយ​ឈ្មោះ​ មិ​ ប៊ិឡា អាយុ​៣២ឆ្នាំ ជាយោធាស្រុកស្រែអំបិល។ នគរបាលថា រថយន្តបានបុកម៉ូតូជាប់កាង​ ហើយអូសរហូតមកធ្លាក់សាកសព​ និងម៉ូតូនៅមុខអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ទើបម្ចាស់បានបើកមកចតចោល​នៅផ្លូវចូលផែថ្មី ក្បែររង្វង់មូល ហើយរត់គេចខ្លួនបានស្រមោល។​

ក្រោយកើតហេតុសមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារ ដើម្បីមកយកសពទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងយកទៅរក្សាទុក ដោះស្រាយតាមក្រោយ៕