(ភ្នំពេញ)៖ ធនាគារ ABA ដែលជាធនាគារមួយ ក្នុងចំណោមធនាគារពាណិជ្ជឈានមុខគេ ក្នុងប្រទេសកម្ពុជា ត្រូវបានឧទ្ទេសនាមជា ធនាគារឆ្នើមបំផុតប្រចំាឆ្នាំ ២០១៦ ពី The Banker ដែលជាទស្សនាវដ្ដី​ហិរញ្ញវត្ថុ មានឈ្មោះល្បីលើពិភពលោក ហើយមានមូលដ្ឋាន​នៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស)។ ពិធីអបអរសាទរទទួល ពានរង្វាន់កិត្តិយសនេះ បានប្រព្រឹត្ត ទៅនៅទីក្រុងឡុងដ៍ នាថ្ងៃទី០៧ ខែធ្នូ នេះ ដែលមានធនាគារិក មកពីជុំវិញពិភពលោកចូល​រួមជាកិត្តិយស ដើម្បីអបអរសាទរចំពោះ ភាពជោគជ័យ និងសមិទ្ធផល ដ៏ត្រចះត្រចង់នេះ។

ការសម្រេចចិត្ត របស់គណៈកម្មការ គឺសង្កត់ធ្ងន់ទៅលើភាពរឹងមាំ​ផ្នែកហិរញ្ញវត្ថុ និរន្តភាពនៃការនាំមកនូវ បច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់ និងការអនុវត្តន៍នូវគំរូអាជី​វកម្មដ៏ឆ្នើមបំផុត។ ជាមួយគ្នានេះដែរ គណៈកម្មការក៏បានកោតសរសើរ នូវភាពជោគជ័យ នៃសេវាកម្មធនាគារឆ្លាតវៃ របស់ធនាគារ ABA ដែលជាសេវាកម្មដែលអាចឲ្យអតិថិជន ធ្វើប្រតិបត្តិការធនាគារនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា បន្ថែមជាងនេះទៅទៀត គឺមានការផ្តល់ជំនួយលើសេវាកម្ម ២៤ម៉ោងលើ២៤ម៉ោង។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានមានប្រសាសន៍ថា «យើងមានកិត្តិយសណាស់ ដែលត្រូវបានឧទ្ទេសនាម ជាធនាគារឆ្នើមបំផុត ប្រចំាឆ្នាំនៅប្រទេសកម្ពុជា ពីទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker។ ការប្រកាសទទួលស្គាល់នេះ សបញ្ជាក់ឲ្យឃើញពីភាពឥតខ្ចោះ ក្នុងការបម្រើសេវាកម្ម និងបង្ហាញពីភាពជោគជ័យរបស់យើង ក្នុងការផ្តល់ជូននូវដំណោះស្រាយ ហិរញ្ញវត្ថុបែបឌីជីថល ដ៏ទំនើបដល់អតិថិជន។ ​ឆ្នាំនេះ យើងបន្តអនុវត្តគំរូអាជីវកម្ម ដ៏ត្រឹមត្រូវរបស់យើង និងបន្តប្រើយុទ្ឋសាស្រ្ត ក្នុងការអភិវឌ្ឍន៍សេវាកម្មស្វ័យធនាគារ។ ខ្ញុំមានភាពជឿជាក់ថា ការសហការណ៍ ជាមួយធនាគារជាតិកាណាដា បានធ្វើឲ្យគណៈកម្មការ មានទំនុកចិត្ត និងជឿជាក់ថា ធនាគារ ABA មានភាពរឹងមាំ និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សជាងគេបំផុត ក្នុងប្រទេសកម្ពុជា»

ក្នុងឆ្នាំ ២០១៦ ធនាគារ ABA មានការរីកចម្រើនជាច្រើន គួរឲ្យកត់សម្គាល់។ ជាក់ស្តែងនៅខែ ឧសភា ធនាគារជាតិកាណាដា បានក្លាយជាភាគទុនិក​ធំបំផុត របស់ធនាគារ ABA ដែលមានភាគហ៊ុន ៩០%។ ការសហរការ​នេះ បានធ្វើឲ្យមូលធនរបស់ធនាគារ ABA មានការកើនឡើងខ្ពស់ និងផ្ដល់ការគាំទ្របន្ថែម ដល់សន្ទុះនៃការអភិវឌ្ឍន៍ ហើយក៏ផ្តល់បន្ថែម ឲ្យធនាគារ ABA នូវជំនាញដ៏ជាក់លាក់។ ភាពជាដៃគូនេះបាន ផ្តល់លទ្ធភាពអោយធនាគារ អាចផ្តល់រាប់ពាន់កម្ចី ដល់អាជីវកម្មខ្នាត​តូច និងសហគ្រាសខ្នាតតូច និងមធ្យម និងបានជំរុញឲ្យមានការរីកចម្រើន ផ្នែកសេដ្ឋកិច្ចនិងភាពសុខដុមរមនា របស់ប្រជាពលរដ្ឋកម្ពុជា។ ជាលទ្ធផលចំនួនគណនីសន្សំរបស់ ធនាគារ ABA បានកើនឡើងពី ៨៥ ០០០ គណនី នាចុងឆ្នាំ ២០១៥ ដល់ ១៥៥ ០០០ គណនី គិតត្រឹមថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៦។ ការរីកចម្រើននេះជាសក្ខីភាព បញ្ជាក់ថា ធនាគារ ABA ជាធនាគារ ដែលមានសក្កានុពលខ្លាំង និងទទួលបានការគាំទ្រយ៉ាងច្រើន ពីអតិថិជន។

ធនាគារ ABA ទទួលជ័យលាភី «ឆ្នើមបំផុតប្រចាំឆ្នាំ 2016» ពីទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker ដូចគ្នានឹងពានរង្វាន់ ដែលធ្លាប់ឈ្នះកាលពីឆ្នាំ ២០១៤ ដែរ។ ។ បន្ថែមពីលើនេះ ធនាគារ ABA បានឈ្នះពានរង្វាន់ពីទស្សនាវដ្តីហិរញ្ញវត្ថុ Euromoney ដែលឧទ្ទេសនាម ធនាគារ ABA ជា «ធនាគារដ៏ឆ្នើមក្នុងប្រទេសកម្ពុជា» រយៈពេល៣ ឆ្នាំជាប់ៗគ្នា ហើយយើងក៏ទទួលបាននាមជា «ធនាគារដ៏ឆ្នើមបំផុតក្នុងប្រទេសកម្ពុជា» ពី ទស្សនាវដ្តីហិរញ្ញវត្ថុ Global Finance ក្នុងឆ្នាំ ២០១៥ និង ២០១៦៕