(ភ្នំពេញ)៖ សិក្ខាសាលាទី១នៃសិក្ខាសាលា MONOZUKURI ធ្វើឡើង ដើម្បីនាំមកនូវការអភិវឌ្ឍ​ឧស្សាហកម្មគ្រឿងយន្តនៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ​រវាង ក្រុមហ៊ុន DENSO និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ត្រូវបានបញ្ចប់ប្រកបទៅ​ដោយលទ្ធផលជោគជ័យ ដោយសិក្ខាកាមទទួលបានចំណេះ​ដឹង​មូលដ្ឋាន​អំពី MONOZUKURI, QCDS, និង 5S ព្រមជាមួយ វិធីអនុវត្តការងារប្រកប​ដោយសុវត្ថិភាព ដើម្បីនាំមកនូវផលិតផលប្រកប​​ដោយគុណភាព និងតម្លៃសម​រម្យ។

សិក្ខាសាលាក្រោមបរិបទ QCDS & 5S បានបង្ហាត់បង្ហាញដល់​សិក្ខាសាលារយៈពេល៣ថ្ងៃ ដែលពួកគាត់បានស្វែង​យល់ច្បាស់អំពី MONOZUKURI ដែលជាដំណើរការផលិតផល​​នូវផលិតផលមាន គុណភាព តម្លៃទាប និងផ្គត់ផ្គង់បានទាន់ពេលវេលា ហើយក្នុងនោះមាន QCDS មានន័យថាគុណភាព តម្លៃ ការផ្គត់ផ្គង់ និងសុវត្ថិភាព ដែលជាមូលដ្ឋានដ៏ មានសារៈសំខាន់សម្រាប់ MONOZUKURI ដោយមាន 5S ជាគោលគ្រឹះមួយទៀត រួមជាមួយដំណើរ សិក្សាស្វែងយល់ទៅកាន់រោង​ចក្រផ្ទាល់នៅថ្ងៃ ចុងក្រោយ​ផងដែរ។

សម្រាប់ថ្ងៃទី១ សិក្ខាកាមបានសិក្សា​អំពីនិយមន័យនៃ MONOZUKURI, QCDS, និង 5S ដែលពួកគេបានយល់ច្បាស់ អំពីគោលការណ៍ការងារ​​ដែលធានាសុវត្ថិភាព តាមរយៈការធ្វើលំហាត់ អនុវត្តលើការដឹកជញ្ជូន ការលើកដាក់សម្ភារៈ ហើយពួកគេក៏បានយល់ច្បាស់ ទំនួលខុសត្រូវដើម្បីធានា ឲ្យបាននូវគុណភាព ជាមួយការពិសោធ​អ​នុវត្ត «Defect Screening»។

ថ្ងៃទី២ សិក្ខាកាមសិក្សា និងអនុវត្តលើ 5S (Sort, Set in Order, Shine, Standardize, Sustain)។ ពួកគេ ត្រូវបានបង្ហាត់ឲ្យចេះអនុវត្តជាជំហានៗ ក្នុងការសម្អាតកម្ទេចកម្ដី ធូលី និងប្រេងកខ្វក់ ការលាងសម្អាតម៉ាស៊ីន ការរក្សាអនាម័យ ដើម្បីកាត់បន្ថយភាពកខ្វក់ កាត់បន្ថយការបែកឬបាក់ និងការពារខ្លួនពីការរអិលធ្លាក់ចុះ ដោយសារប្រេងរំអិលជាដើម ការរៀបចំឲ្យមានសណ្ដាប់​ធ្នាប់​ ងាយ​ស្រួលក្នុងការស្វែងរក ចំណាយពេលតិច ឬចំណេញពេលក្នុងការធ្វើការងារ ដើម្បីរក្សាឲ្យបាននូវការរៀប ចំតាមប្រភេទ (Sort) មានលំដាប់លំដោយ (Set in Order) និងងាយស្រួលរក (Shine)។ នេះជាប្រភេទការងារក្នុងការផ្គុំ ឬ ដំឡើងផលិតផល ក្នុងលក្ខណៈជាឧទាហរណ៍បង្ហាញ។ តាមរយៈ ការងារផ្គុំនេះ សិក្ខាកាមអាចយល់ច្បាស់និងដោយផ្ទាល់អំពីសារៈសំខាន់នៃ 5S ក្នុងការផ្គុំប្រកបដោយ ប្រសិទ្ធភាព និងមិនធ្វើឲ្យខ្វះចន្លោះ ឬមានកំហុសណាមួយឡើយ។ លើសពីនេះទៀត ពួកគេក៏បានស្វែង យល់ច្បាស់អំពីរបៀបផលិតនូវផលិតផល​ក្នុងតម្លៃទាប ផ្គត់ផ្គង់ទាន់ពេលវេលា។ បន្ទាប់មកទៀត យើងក៏មានការធ្វើតេស្ដ​សាកល្បង លើការយល់ដឹងរបស់ពួកគេផងដែរ លើមេរៀនថ្ងៃទី១ និងថ្ងៃទី២។

នៅថ្ងៃទី៣ដែលជាថ្ងៃចុងក្រោយ សិក្ខាកាមទទួលបានឱកាសចុះផ្ទាល់​ទៅកាន់រោងចក្រ ដើម្បីស្វែងយល់ អំពីការ អនុវត្ត QCDS & 5S នៅកន្លែងការងារជាក់ស្ដែង នៅរោងចក្រ DENSO។ សិក្ខាសាលា ត្រូវបានធ្វើឡើងនៅថ្ងៃទី៣ គឺថ្ងៃទី៣ ទី១០ និងទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅ វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (ITC) សម្រាប់២ថ្ងៃដំបូង និងនៅរោងចក្រ DENSO នៅថ្ងៃបញ្ចប់។

ក្រោយបញ្ចប់សិក្ខាសាលារយៈពេល៣ថ្ងៃ គេជឿជាក់ថា សិក្ខាកាមទាំងនេះនឹងក្លាយជាជាធនធានគន្លឹះ ក្នុងការចែកចាយក៏ដូចជាសាបព្រោះ បន្តនូវជំនាញបច្ចេកទេសរបស់ DENSO ដល់និស្សិតកម្ពុជាផ្សេងៗ ទៀតទូទាំងប្រទេស ដើម្បីការ អភិវឌ្ឍ និងកំណើតប្រកបដោយចីរភាពរបស់កម្ពុជា។

ក្រុមហ៊ុន DENSO គឺជាក្រុមហ៊ុនលំដាប់ពិភពលោកដ៏ធំបំផុតមួយ និងឈានមុខគេក្នុងឧស្សាហកម្ម គ្រឿងបន្លាស់រថយន្ត ដែលរីករាយដុះដាល់ជុំវិញពិភពលោក រួមមានកម្ពុជាផងដែរ។ ក្រុមហ៊ុន DENSO កម្ពុជា ចាប់ផ្ដើមប្រតិបត្តិការនៅកម្ពុជាក្នុងឆ្នាំ២០១៣ ហើយបានសាងសង់រោងចក្រផ្ទាល់ខ្លួន លើផ្ទៃ ដីទំហំ២ ហិកតា ក្នុងឆ្នាំ២០១៦។ DENSO ផ្ដោតលើ MONODUKURI មកពី HITOZUKURI ដែលមានន័យថាផលតិកម្មគឺពឹងផ្អែកលើ ការអភិវឌ្ឍធនធានមនុស្ស៕