(ភ្នំពេញ)៖ នៅទីបំផុតលោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ នៃធនាគារអេស៊ីលីដា បានសម្រេចប្តឹងលោក ផែង វណ្ណៈ ទៅកាន់អគ្គស្នងការនគរបាលជាតិ ពីបទបរិហាកេរ្តិ៍ជាសាធារណៈធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះធនាគារ នេះបើយោងតាមពាក្យបណ្តឹងរបស់ ធនាគារអេស៊ីលីដា ដែលអង្គភាព Fresh News ទើបទទួលបាននៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ។

នៅក្នុងពាក្យបណ្តឹងរបស់ប្រធាននាយកប្រតិបត្តិ នៃធនាគារអេស៊ីលីដា បានបញ្ជាក់ថា៖ «សំណើសុំអន្តរាគមន៍ និងចាត់វិធានការចំពោះជនឈ្មោះ ផែង វណ្ណៈ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះធនាគារ អេស៊ីលីដា ភីអិលស៊ី ពាក់ព័ន្ធនឹងការបង់ពន្ធលើ មធ្យោបាយដឹកជញ្ជូន»។ ពាក្យបណ្តឹងនេះយោងតាមការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គម ហ្វេសប៊ុក របស់ម្ចាស់គណនីឈ្មោះ ផែង វណ្ណៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ និងយោងតាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ»

ពាក្យបណ្តឹង បានអះអាងថា៖ គណនីហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ បានផ្សព្វផ្សាយ ដោយប្រើពាក្យចោទប្រកាន់ធនាគារ អេស៊ីលីដា ភីអិលស៊ី ថា៖ «ធនាគារ អេស៊ីលីដា ឃុបឃិតគ្នាជាមួយម្ចាស់រថយន្តលួចបន្លំ ថវិការដ្ឋលើបញ្ហាបង់ពន្ធផ្លូវ និងការបន្តផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួនតូច»។

សូមជំរាបថា នៅឈានដល់ការដាក់ពាក្យបណ្តឹងនេះ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារល្បីល្បាញមួយ នៅប្រទេសកម្ពុជា បានចេញលិខិតបដិសេធមួយដោយចាត់ទុកថា ការបង្ហោះព័ត៌មាននៅលើគណនី Facebook ឈ្មោះ ផែង វណ្ណៈ ដែលថា «ធនាគារអេស៊ីលី ឃុបឃិតគ្នាជាមួយម្ចាស់រថយន្តលួចបន្លំ ថវិការដ្ឋលើបញ្ហាបង់ពន្ធផ្លូវ» គឺជាទង្វើមានចេតនាញុះញង់ និងបំពុលសង្គម និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ធនាគារអេស៊ីលីដាយ៉ាងធ្ងន់ធ្ងរ។

ធនាគារ អេស៊ីលីដា បានចាត់ទុកថា «ការផ្សព្វផ្សាយព័ត៌មានខាងលើនេះ គឺមិនបានសាកសួរព័ត៌មានឱ្យបានច្បាស់លាសជាមុន ពីធនាគារអេស៊ីលីដា ភីអិលស៊ី ឬស្ថាប័នពាក់ព័ន្ធ ទេ ដោយមាន​ចេតនា​បំពុលសង្គម និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសដ៏ធ្ងន់ធ្ងរដល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសេចក្តីថ្លៃថ្នូរបស់ វិស័យហិរញ្ញវត្ថុទាំងមូលដែលជាឆ្អឹង ខ្នងដ៏រឹងមាំសម្រាប់​ទ្រទ្រង់សេដ្ឋកិច្ចជាតិ ដែលបាននិងកំពុងសហការជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញកិច្ចការ ជូនជាតិប្រកបដោយតម្លាភាព និងការជឿទុកចិត្ត ស្របតាមយុទ្ធសាស្រ្ត​ចតុកោណ​របស់​រាជរដ្ឋាភិបាលកម្ពុជា ស្តីពីកំណែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់»។

ខាងក្រោមនេះជាពាក្យបណ្តឹងរបស់ធនាគារ អេស៊ីលីដា ប្តឹងគណនីហ្វេកបុកឈ្មោះ ផែង វណ្ណៈ ទៅកាន់អគ្គស្នងការនគរបាលជាតិ៖