(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានបើកសិក្ខាសាលាផ្សព្វផ្សាយ​ច្បាប់ស្ដីពីសហជីព ដល់គ្រប់ភាគីពាក់ព័ន្ធនានា ដើម្បីបញ្ជ្រាបទប្បញ្ញត្តិការយល់ដឹង គោលបំណងនៃច្បាប់ និងការបំភ្លឺមួយចំនួន សំដៅបញ្ជៀសការភ័ន្តច្រឡំនានា ទៅលើរាជរដ្ឋាភិបាល។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយខាងលើ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ បានឲ្យដឹងថា ច្បាប់ស្ដីពីសហជីពនេះ នៅមិនទាន់ផ្សព្វផ្សាយ ឲ្យបានជ្រោតជ្រាបទូលំទូលាយពេញលេញ នៅឡើយ​ទេ ព្រោះកន្លងមកមានការចោទប្រកាន់ថា ការបង្កើតច្បាប់ស្ដីពីសហជីបនេះ ជាការគៀបសង្កត់លើភាគីនីមួយៗ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

លោក ម៉ម វណ្ណៈ ថ្លែងបំភ្លឺថា នេះមិនមែនជាការគៀបសង្កត់លើពួកអ្នកទាំងនោះទេ តែសុទ្ធតែជាអ្វីៗ ដែលត្រូវបានបញ្ញត្តិ ក្នុងដ្ឋធម្មនុញ្ញនៃកម្ពុជា ត្រង់មាត្រា៣៦ ដែលបានចែងថា កម្ពុជាត្រូវតែមាន​ច្បាប់សហជីព ហើយក្នុងជំពូក១១ នៃច្បាប់ស្ដីពីការងារ ក៏បានចែងថា សហជីពត្រូវបានបង្កើតនៅក្នុងច្បាប់ ហើយយោងទៅលើសន្ធិសញ្ញារបស់ អង្គការអន្តរជាតិខាងការងារ ដែលយើងបានផ្ដល់​សច្ចាប័ន កន្លងទៅ គឺសន្ធិសញ្ញា៨៧ និង៩៨ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា សហជីពត្រូវតែមាន ទើបរាជរដ្ឋាភិបាកម្ពុជាបានផ្ដល់អនុសាសន៍ ឲ្យបង្កើតច្បាប់សហជីពនេះឡើង ដោយមានការចូលរួម​ពីក្រុមការងារបច្ចេកទេស និងហិរញ្ញវត្ថុ របស់អង្គការអន្តរជាតិខាងការងារ។

បញ្ហានេះលោកបន្តថា «ច្បាប់ស្ដីពីសហជីពនេះ មានគោលបំណងធំៗចំនួន ៥ចំណុចសំខាន់ៗ ទី១-ការពារសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់ជូនកម្មករនិយោជិត, ២-ធានានូវសិទ្ធិ​សេរីភាព​នៃអង្គការវិជ្ជាជីវៈ របស់កម្មករនិយោជិត និងនិយោជក, ទី៣-ជំរុញឲ្យមានសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ, ៤-រួមចំណែកក្នុងការបង្កើតការងារសមរម និង៥-បង្កើនផលិតភាព ដើម្បីអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត»

គិតត្រឹមខែតុលា ឆ្នាំ២០១៦នេះ ក្រសួងការងារបានចុះបញ្ជីការអង្គការវិជ្ជាជីវៈ សរុបចំនួន ៣,៦២៦ ក្នុងនោះមានសហភាពសហព័ន្ធសហជីពចំនួន ១៨, សហព័ន្ធសហជីពចំនួន ១០៣, សហជីពមូលដ្ឋាន ៣,៤៩៧  និងសមាគមនិយោជកចំនួន ៨៕