(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាសំខាន់មួយ នាទីស្តីការក្រសួងទេសចរណ៍ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈរួមអាស៊ាន-ចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៨ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខ នាទឹកដីសៀមរាបអង្គរ។

ព្រឹត្តិការណ៍សម្តែងសិល្បៈរួមអាស៊ាន-ចិន (ASEAN-China Joint Cultural Performance) ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្មារតី នៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី១៨ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ ដែលប្រមុខរដ្ឋ/រាជរដ្ឋាភិបាលប្រទេសជាសមាជិកអាស៊ាន និងចិន បានគាំទ្រសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈ រួមអាស៊ាន-ចិន ដើម្បីរំលឹកខួប២៥ឆ្នាំ នៃទំនាក់ទំនងដៃគូរសន្ទនារវាងអាស៊ាន និងចិន។

ក្នុងកិច្ចប្រជុំនាល្ងាចនេះ លោករដ្ឋមន្រ្តី ថោង ខុន បានណែនាំដល់អង្គប្រជុំទាំងអស់ ក៏ដូចជាអនុគណៈកម្មការទទួលបន្ទុកតាមផ្នែកនីមួយៗ ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចរបស់ខ្លួនឲ្យបានល្អ ក្នុងនោះរួមមាន៖ ១.ការងាររៀបចំទស្សនីយភាពសិល្បៈ, ២.ការងាររៀបចំកិច្ចប្រជុំត្រូវរៀបចំឲ្យបានល្អ ទាំងខ្លឹមសារ និងការប្រជុំ, ៣.ការងារសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយរៀបចំឲ្យមានម៉ូតូនាំមុខ ១គ្រឿង សម្រាប់ប្រធានប្រតិភូនៃប្រទេសនីមួយៗ។

លោករដ្ឋមន្រ្តី ក៏បានដាក់អនុសាសន៍ឲ្យអនុគណៈកម្មការទទួលបន្ទុកតាមផ្នែកនីមួយៗ ត្រូវធ្វើការផ្សព្វផ្សាយព្រឹត្តិការណ៍ ឲ្យបានទូលំទូលាយតាមគ្រប់រូបភាព ទាំងវិទ្យុ ទូរទស្សន៍ គេហទំព័រ និងមធ្យោបាយផ្សព្វផ្សាយនានា។ ត្រូវរៀបចំទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ និងក្រុមសិល្បករនៃប្រទេសជាសមាជិកអាស៊ាន-ចិន ឲ្យបានល្អប្រសើរ ដោយចាត់តាំងឲ្យមានមន្រ្តីចុះសម្របសម្រួល សម្រាប់ប្រតិភូ និងក្រុមសិល្បករនីមួយៗ។

សូមបញ្ជាក់ថា ពិធីបើកជាផ្លូវការនៃកម្មវិធីសម្តែងសិល្បៈរួមអាស៊ាន-ចិន ខាងលើនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយមានការចូលរួមពី លោក សុង ប៉ូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា មន្រ្តីជាន់ខ្ពស់តំណាងប្រទេសជាសមាជិកអាស៊ាន-ចិន លេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលអាស៊ាន-ចិន និងក្រុមសិល្បករនៃបណ្តាប្រទេសជាសមាជិកអាស៊ាន-ចិន ជិត៣០០នាក់។

ដោយឡែក ក្នុងឱកាសព្រឹត្តិការណ៍ដ៏ធំនេះ ក៏មានរៀបចំសិក្ខាសាលាស្តីពី កម្មវិធីសម្តែងសិល្បៈរួមអាស៊ាន-ចិន ដោយផ្តោតលើកិច្ចសហប្រតិបត្តិការវប្បធម៌អាស៊ាន-ចិន និងការរួមចំណែកផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលអាស៊ាន-ចិន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌អាស៊ាន-ចិន និងតួនាទីរបស់សិល្បករ-ការិនីវ័យក្មេង ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌អាស៊ាន-ចិន ផងដែរ៕