(ព្រះសីហនុ)៖ ក្លោងទ្វារចូលឆ្នេរឯករាជ្យចំនួន២ ដែលក្លោងទ្វារមួយ ជាការឧបត្ថម្ភសាងសង់ ដោយឧកញ៉ា ពុង ឃាវសែ អគ្គទេសាភិបាលធនាគារកាណាណាឌីយ៉ា និងជាអគ្គនាយកក្រុមហ៊ុន OCIC និងជាប្រធានសមាគម អ្នកសាងសង់កម្ពុជា និងមួយទៀត ជាការឧបត្ថម្ភសមាគម អ្នកសាងសង់កម្ពុជា ត្រូវបានសាងសង់រួចរាល់ ជាស្ថាបពរហើយ ដើម្បីស្វាគមន៍ពិធីបុណ្យសមុទ្រ ដែលនឹងត្រូវរៀបចំនៅថ្ងៃទី២៣ ដល់ ២៥ ខែធ្នូ ឆ្នាំ២០១៦។ 

ការឧបត្ថម្ភការសាងសង់ក្លោងទ្វារទាំង២នេះ ឆ្លើយតបការអំពាវនាវ របស់ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងការរៀបចំកែលម្អតំបន់ឆ្នេរសមុទ្រ ឲ្យមានភាពទាក់ទាញ និងសោភ័ណ្ឌភាព។

លោក សៀវ ផេង លេខារបស់លោកឧកញ៉ា ពង់ ឃាវសែ បានបញ្ជាក់ឲ្យដឹងថា ការសាងសង់ក្លោងទ្វារទាំង២នៅឆ្នេរឯករាជ្យនេះ គឺរួចរាល់នៅថ្ងៃទី២២ ខែធ្នូនេះតែម្តង គឺមុនមួយថ្ងៃនៃពិធីបុណ្យសមុទ្រ។

លោកបន្តថា បន្ទាប់ពីសាងសង់ និងកែលម្អរួច ឆ្នេរឯករាជ្យនេះ បានក្លាយជាទីកន្លែងដែលទាក់ទាញ ដែលកន្លងឆ្នេរនេះមិនសូវមាន ប្រជាពលរដ្ឋ ទៅកម្សាន្តទេ ប៉ុន្តែពេលនេះ សោភ័ណ្ឌភាពស្រស់បំព្រង គួរជាទីគយគន់ និងទាក់ទាញបំផុត។

សូមជម្រាបថា ក្លោងទ្វារចូលតំបន់ឆ្នេរ នៅខេត្តព្រះសីហនុ គណៈកម្មាធិការជាតិ គ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា សាងសង់ ប្រមាណ៣០ក្លោងទ្វារ។

លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានបញ្ជាក់ថា សម្រាប់ការសាងសង់តូប កំសាន្ត និងខ្លោងទ្វារឆ្នេរទាំងអស់ មិនប្រើប្រាស់ថវិការបស់រដ្ឋនោះទេ គឺធ្វើឡើងតាមរយៈការអំពាវនាវ សប្បុរសជនជួយសាងសង់ ជំនួសវិញ៕