(ក្រចេះ)៖ លោក ហង្ស ចាន់ឌី អភិបាលស្រុកចិត្របុរី ខេត្តក្រចេះ បានបដិសេធចំពោះការចុះផ្សាយបណ្តាញសារព័ត៌មាន និងការលើកឡើងមួយចំនួនថា លោកដណ្ដើម​ទូរស័ព្ទពីស្រ្តីម្នាក់ ដោយលូកយកក្នុងខោលីអូរបស់ស្រ្តីនោះ និងចាប់ហែកអាវទៀតផង។

លោក ហង្ស ចាន់ឌី បានស្នើដល់បណ្តាញព័ត៌មានទាំងនេះ មេត្តាផ្សាយបកស្រាយឡើងវិញ ដោយកុំជឿងពលរដ្ឋ តែម្ខាងដោយមិនបានសួររូបលោក។

ទាក់ទងហេតុការណ៍នេះ លោក ហង្ស ចាន់ឌី អភិបាលស្រុកចិត្របុរី បានបញ្ជាក់ឲ្យដឹងថា នៅល្ងាច ថ្ងៃទី២១ខែធ្នូ ឆ្នាំ ២០១៦នេះ មានករណីទំនាស់ដីធ្លីរបស់ ពលរដ្ឋចំនួន​១១គ្រួសារ​រស់នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ដែលកាន់កាប់ដីរដ្ឋនៅភូមិថ្មក្រែ លើ ឃុំថ្មក្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

ទាក់ទងករណីនេះលោក ហង្ស ចាន់ឌី បានលើកឡើងថា ចំពោះពលរដ្ឋចំនួន១១គ្រួសារនោះ អាជ្ញាធរបានចុះដោះស្រាយជូន ពួកគាត់ជាង១០លើក ដោយអាជ្ញាធរ​ខ្វៀលដី​ជូនពួកគាត់ ចំនួនជាង២០ហិចតា ដោយ៩គ្រួសារយល់ព្រមផ្ដិតមេដៃ សល់តែ ២គ្រួសារតែប៉ុណ្ណោះមិនព្រមផ្ដិតមេដៃ។

អភិបាលស្រុកចិត្របុរី បានបន្តឲ្យដឹងថា ក្រោយមកនៅសល់ដីចំនួនជាង៤០ហិចតាអាជ្ញាធរផ្ដល់ដីនោះឲ្យទៅដល់ពលរដ្ឋ រស់នៅភូមិថ្មក្រែតាមដង​ទន្លេដោយរងគ្រោះដោយបាក់ច្រាំងទន្លេ។

ក្រោយមកអាជ្ញាធរចុះឈូសឆាយ លើផ្ទៃដីចំនួនជាង៤០ហិចតា ឲ្យទៅពលរដ្ឋចំនួន៧៥គ្រួសារ តែពួកគាត់ទាំង១១គ្រួសារនោះ មានលោកស្រី ឃុត មុំ ជាសកម្មជនគណបក្ស​សង្គ្រោះជាតិ កៀងគរគ្នាមករារាំងមិនឲ្យឈូសឆាយដីទាំងនោះ។

ហើយអាជ្ញាធរបានប្រើកម្លាំងចុះទៅហាមឃាត់និងសម្របសម្រួល់ពួកគាត់ដោយមានសមភាពចូលរួមអភិបាលរងខេត្តប្រធានមន្ទីរដែនដីអាធរស្រុកចិត្របុរី និងកងកម្លាំងទាំងបីប្រភេទ។

លោកអភិបាលស្រុកបន្ដទៀតថា លោកបានសួរទៅលោកស្រី ឃុត មុំ ថា បងស្រីជាអ្នកញុះញង់ប្រជាពលរដ្ឋមកតវ៉ា ស្រាប់តែគាត់ខឹងចាប់ហែកអាវខ្លួន កណ្ដាលហ្វូង ក្រោយមកលិចឮថា គាត់ចាប់​ហែក​អាវរបស់បងស្រីនោះទៅវិញ។

លោក ហង្ស ចាន់ឌី អភិបាលស្រុកចិត្របុរីបានបញ្ជាក់បន្ថែមទៀតថា ពលរដ្ឋចំនួន១១គ្រួសារនោះ មានអ្នកនយោបាយលាបពណ៍ នៅពីក្រោយខ្នងរបស់គាត់ ទើបពួកគាត់ធ្វើការប៉ះបោរ​ឲ្យមានហេតុការណ៍​ចលាចល៕