(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត(ស្រាបៀរកម្ពុជា) បានទទួលលិខិតសរសើរ ពីក្រសួងបរិស្ថានចំពោះ «ការអនុវត្តយន្តការអភិវឌ្ឍស្អាត និងគ្រប់គ្រងសំណល់បានត្រឹមត្រូវ ដើម្បីរួមចំណែកលើកកម្ពស់ប្រតិបត្តិបៃតង និងមេត្រីភាពបរិស្ថាន» នៅថ្ងៃទី២០ធ្នូ ឆ្នាំ២០១៦។

ពិធីប្រគល់លិខិតសរសើរនេះ ត្រូវបានប្រារព្ធឡើង ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ នៅក្រសួងបរិស្ថាន។

លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត បានថ្លែងថា «ក្រុមហ៊ុន ពិតជាមានកិត្តិយស ដែលទទួលបានលិខិតសរសើរមួយនេះ ហើយក្រុមហ៊ុនបេ្តជ្ញាចិត្តថា នឹងបន្តអនុវត្តយន្តការអភិវឌ្ឍស្អាត និងគ្រប់គ្រងសំណល់បានត្រឹមត្រូវទៅមុខទៀត ដើម្បីបរិស្ថានស្អាតទាំងអស់គ្នា»

ក្រៅពីលិខិតសរសើរ ពីក្រសួងបរិស្ថាន ក្រុមហ៊ុនក៏ទទួលបានវិញ្ញាបនបត្រ ISO ផ្នែកប្រព័ន្ធគ្រប់គ្រងបរិស្ថាន ពីចក្រភពអង់គ្លេសផងដែរ៕