(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានសហការជាមួយមជ្ឈមណ្ឌលផ្ដល់ឈាម បន្តបើកយុទ្ធនាការបរិច្ចាគឈាមមួយ ក្រោមប្រធាបទ «ឱសថដ៏ស័ក្តសិទ្ធដើម្បីជួយសង្គ្រោះជីវិតមនុស្សគឺឈាម» ដែលក្នុងនោះមានអ្នកចូលរួមបរិច្ចាគឈាមយ៉ាងច្រើនកុះករ។

លោក សំអាច វង្សខុមថង នាយកប្រតិបត្តិនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានឲ្យដឹងថា បានជាមន្ទីរពេទ្យរៀបចំយុទ្ធនាការបរិច្ចាគឈាមនេះឡើង ដោយសារមន្ទីរពេទ្យ​មើលឃើញពីស្ថានភាពជំងឺ នៅកម្ពុជាបច្ចុប្បន្ន មានសភាពធ្ងន់ធ្ងរច្រើនជារៀងរាល់ថ្ងៃ ក្នុងនោះក៏មានអ្នកត្រូវការឈាម ដើម្បីសង្គ្រោះបន្ទាន់ជាប្រចាំផងដែរ។

លោក សំអាច បានបញ្ជាក់ថា ឈាមដែលបានពីការបវិច្ចាគឈាមនេះ មិនត្រឹមតែយកទៅជួយសង្គ្រោះដល់អ្នកជំងឺ ក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញរបស់លោក ប៉ុណ្ណោះទេ ថែមទាំងមានបំណងបរិច្ចាគបន្តទៅដល់មន្ទីរពេទ្យរដ្ឋ និងឯកជននានាផងដែរ ដើម្បីរួមចំណែកជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតពីបញ្ហាខ្វះឈាម។

លោកនាយកបន្តថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក៏មានផែនការបន្ថែមសេវាកម្មរៀងរាល់ឆ្នាំផងដែរ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រជាពលរដ្ឋខ្មែរ ហើយនៅឆ្នាំ​២០១៧ ខាងមុខ មន្ទីរពេទ្យនឹងបង្កើនការធានាប្រព័ន្ធសុវត្ថិភាពរបស់អ្នកជំងឺ ស្របតាមស្ដង់ដារអន្តរជាតិមួយ ក្នុងចំណោមមន្ទីរពេទ្យស្ដង់ដារពិភពលោកនានា សំដៅធ្វើយ៉ាងណាបញ្ជាក់នូវការជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

ក្រៅពីការបរិច្ចាគឈាមនេះ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក៏បានចូលរួមការងារសប្បុរសធម៌ជាច្រើនទៀត ដូចជាការចុះអប់រំណែនាំដល់ប្រជាសហគមន៍ និងប្រជាពលរដ្​ឋក្នុងសមាគមនានា ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត អំពីរបៀបសង្គ្រោះបឋម និងការព្យាបាលមួយចំនួនផងដែរ។

ជាមួយគ្នានេះ លោក ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលផ្ដល់ឈាម បានឲ្យដឹងថា «គិតត្រឹមចុងឆ្នាំ២០១៦ មជ្ឈមណ្ឌលផ្ដល់ឈាម បានទទួលការបរិច្ចាគឈាមប្រមាណ ៦៥,០០០ប្លោក នៅទូទាំងប្រទេស ក្នុងនោះនៅរាជធានីភ្នំពេញ ទទួលបានប្រមាណ ៤៥,០០០ប្លោក និងបានប្រើប្រាស់អស់ទាំងអស់។ តាមការរំពឹងទុក នៅឆ្នាំ២០១៧ មជ្ឈមណ្ឌលផ្ដល់ឈាម ប្រហែលជាត្រូវការឈាម យ៉ាងតិច ៧០,០០០ប្លោក»

លោក ហុក គឹមចេង បានបន្តថា ស្ថានភាពអ្នកជំងឺដែលត្រូវការឈាមខ្លាំងជាងស្ថានភាពដទៃ រួមមាន បញ្ហាហូរឈាមមិនប្រក្រតី ការសម្រាលកូនខុសប្រក្រតី (មុនពេល ក្នុងពេល និងក្រោយពេលការសម្រាលកូន) គ្រោះថ្នាក់ចរាចរណ៍ ជំងឺខ្សោយតម្រង់នោមដែលអ្នកជំងឺត្រូវការលាងឈាមជាប្រចាំ ពិសេសជំងឺឈាមក្រកក និងការវះកាត់នានា ជាដើម។

ទោះយ៉ាងណា លោក ហុក គឹមចេង បានបញ្ជាក់ថា ចំនួនឈាមដែលទទួលបាន នាពេលកន្លងមកនោះ គ្រាន់តែជាការឆ្លើយតបទៅនឹងករណីធ្ងន់ធ្ងរមួយចំនួនប៉ុណ្ណោះ តែនៅមិនទាន់គ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់គ្រប់ស្ថានភាព នៅឡើយទេ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅ កុមារាអាយុជាង២ឆ្នាំ ដែលត្រូវខ្ទើយវៀតណាមធ្វើទារុណកម្មនោះ ក៏ត្រូវបាននាំយកមកពិនិត្យសុខភាព នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនេះផងដែរ ហើយនៅទីនោះក្រុមគ្រូពេទ្យបានពិនិត្យ ព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត រហូតដល់ជាសះស្បើយឡើងវិញ៕