(ព្រះសីហនុ)៖ ដោយមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការណែនាំពី​នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក រុន​ រ័ត្នវាសនា ប្រធាននាយកដ្ឋាន​នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ​ បានដឹកនាំកម្លាំង​នគរបាល​ចរាចរណ៍ចំនួន៣០នាក់ ដើម្បីចុះ​សម្រួល​​ចរាចរណ៍​ និងរៀបចំសណ្តាប់ធ្នាប់​ក្នុងពិធីបុណ្យសមុទ្រ ក្នុងខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺ​ថ្ងៃ​ទី​២៣, ២៤ និង ២៥ ខែធ្នូ ឆ្នាំ២០១៦។

ឧត្តមសេនីយ៍ឯក រុន​ រ័ត្នវាសនា សំណូមពរប្រជាពលរដ្ឋ ​ដែលមក​ចូល​រួម​លេងកម្សាន្ត មេត្តាយោគយល់អធ្យាស្រ័យ​ខ្ពស់ ចំពោះបញ្ហាចរាចរណ៍នៅទីតាំងខ្លះ ដោយមូលហេតុមនុស្សច្រើនកុះករ និងសូមអំពាវនាវដល់អ្នកបើកបរ គោរព​ច្បាប់ចរចរណ៍ ដោយមិនត្រូវបើកបរល្មើសល្បឿនកំណត់ មិនត្រូវបើកបរ​ក្នុង​​ស្ថាន​ភាព​ស្រវឹង និងសូមឲ្យ​ប្រជាពលរដ្ឋចូលរួមសហកាជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឲ្យព្រឹត្តិការណ៍បុណ្យ​សមុទ្រ​ប្រព្រឹត្តិ ទៅ​ដោយរលូន និងសប្បាយរីករាយ៕