(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជ​នកម្ពុជា ប្រចាំនៅរដ្ឋសភា​ លោក ឈាង វុន បានចាត់ទុកថា ការលើកឡើងរបស់ លោក អេង ឆៃអ៊ាង ដែលថាបើគណបក្សប្រឆាំងឈ្នះឆ្នោតនឹងផ្លាស់ប្តូរតែក្បាលម៉ាស៊ីននោះ គឺជាការនិយាយបញ្ច្រាសការឃោសនារបស់មេដឹកនាំរបស់ខ្លួន ហើយជាការភូតកុហក ដល់ប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះរបស់ លោក ឈាង វុន បានធ្វើឡើងបន្ទាប់ពី លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បាននិយាយប្រាប់ វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) កាលពីម្សិលមិញថា គណបក្ស​ប្រឆាំង​មានជំនឿ​ថា​ នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាងមុខ​ ហើយ​ថា​ ការ​ផ្លាស់ប្ដូរ​មន្ត្រី​រដ្ឋបាល​ក្នុង​ជួរ​រដ្ឋាភិបាល​នឹង​មិន​អាច​កើត​មាន​នោះ​ទេ។ រដ្ឋាភិបាល​ថ្មី​នឹង​ធ្វើ​ការ​ផ្លាស់ប្ដូរ​មន្ត្រី​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​តែ​ប៉ុណ្ណោះ។

លោក ឈាង វុន បានថ្លែងប្រាប់អង្គភាព Fresh News ឱ្យដឹងយ៉ាងដូច្នេះថា «ការលើកឡើងរបស់ លោក អេង ឆៃអ៊ាង បែបនេះ គឺជាការភូតកុហក ព្រោះថា គណបក្សសង្រ្គោះជាតិ បានរៀបចំរចនាសម្ព័ន្ធ តាំងពីក្រោមដល់លើ រួចទៅហើយនៅតាមបណ្តាខេត្តនីមួយៗ ហើយបានទៅឃោសនាសន្យា ជាមួយសកម្មជនរបស់ខ្លួនទៀតផង»។

លោកបានបន្ថែមយ៉ាងដូច្នេះថា «អញ្ចឹង បើសិនជាមានការផ្លាស់ប្តូរតាមអ្វីដែល លោក អេង ឆៃអ៊ាង និយាយនោះ បានន័យថា រឿងនេះគឺគណបក្សសង្រ្គោះជាតិ បានបោកប្រាស់ដល់សកម្មជនរបស់ខ្លួន ហើយសម្តីនេះគឺជាសម្តីភូតកុហកដែរ»។

លោក ឈាង វុន បានបន្ថែមយ៉ាងដូច្នេះទៀតថា «ការលើកឡើងថា គណបក្សសង្រ្គោះជាតិឈ្នះឆ្នោតនៅពេលខាងមុខនេះ គឺជាការស្រមើស្រមៃ។ សូម្បីតែឆ្នាំ២០១៣ កន្លងទៅមានបរទេសខ្លះលូកដៃចូលក្នុងរឿងនេះ ដើម្បីជួយដល់គណបក្សសង្រ្គោះជាតិ ក៏គណបក្សប្រជាជនបានឈ្នះឆ្នោតដែរ។ ដោយឡែកច្បាប់បោះឆ្នោតថ្មី នាពេលនេះក៏បានកំណត់មិនឱ្យអ្នកខាងក្រៅលូកដៃចូលផងដែរ អញ្ចឹងគណបក្សសង្រ្គោះជាតិ គ្មានសង្ឃឹមអីថា ឈ្នះគណបក្សប្រជាជនទេ»

ទោះជាយ៉ាងណាអង្គភាពព័ត៌មាន Fresh News មិនអាចទំនាក់ទំនង លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបាននៅឡើយទេ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្តាលគណបក្ស នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ គណៈកម្មការជំនាញថ្មីទាំង១០នោះ លោក សុន ឆ័យ បានអះអាងថា គណបក្សសង្រ្គោះចង់ឱ្យគណៈកម្មការនោះ ក្លាយជារដ្ឋាភិបាលស្រមោល ដែលជារចនាសម្ព័ន្ធគណៈរដ្ឋមន្រ្តី នៅពេលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត។

ការលើកឡើងបែបនេះ ទទួលបានការសើចចំអកពីមន្រ្តីរាជរដ្ឋាភិបាលថា ជាគំនិតស្រមើលស្រមៃ៕