(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ តុលាការកំពូល បានបើកសវនាការលើ​បណ្តឹង​ជំទាស់របស់ យុវជន គង់ រ៉ៃយ៉ា ដែលជាប់ចោទពាក់ព័ន្ធនឹង ការអំពាវនាវធ្វើបដិវត្តពណ៌ កាលពីខែសីហា ឆ្នាំ២០១៥។

ការដាក់ពាក្យបណ្តឹងជំទាស់របស់ជនជាប់ចោទនេះ បានធ្វើឡើងបន្ទាប់តុលាការឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមសាលដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសឱ្យយុវជន គង់ រ៉ៃយ៉ា ជាប់ពន្ធនាគារ១ឆ្នាំ៦ខែ ក្រោម​​ការ​ចោទប្រកាន់​ពី​បទញុះញង់​ឲ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ​ ជា​អាទិ៍​ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៥ យុវជន​​​ គង់​ រ៉ៃយ៉ា​ អាយុ​២៦ឆ្នាំ​ មានរហស្សនាមនៅក្នុងហ្វេសប៊ុក Soriya Koko បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ថា​ «​តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌​ដើម្បីផ្លាស់ប្តូររបបមួយ​នេះចេញ​ពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ​»​ ។

ក្រោយ​ការ​ប្រកាស​នេះ​ សមត្ថកិច្ច​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​ បាន​ឃាត់ខ្លួន​យុវជន​រូប​នេះ​ ដោយ​ចាត់​ទុក​ ការ​ប្រកាស​នេះ​ ធ្វើឱ្យមានភាពអសន្តិសុខក្នុងសង្គម​ ៕