(ភ្នំពេញ)៖ ស្រាបៀរកម្ពុជានឹងរៀបចំការប្រគំតន្ត្រីឆ្លងឆ្នាំដ៏ធំអស្ចារ្យ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការប្រគំតន្ត្រីនៅរាជធានីភ្នំពេញ នឹងរៀបចំឡើងនៅមុខសាលមហោស្របកោះពេជ្រ នៅថ្ងៃទី២៩-៣០ និង៣១ ខែធ្នូ ចាប់ពីម៉ោង៧ល្ងាចតទៅ ។ 

កម្មវិធីនេះនឹងត្រូវបានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។

កំពូលតារាចម្រៀង ដែលនឹងចូលរួមសម្តែងលើឆាកតន្ត្រីស្រាបៀរកម្ពុជា រួមមានកញ្ញា ឱក សុគន្ធកញ្ញា, លោក ឆន សុវណ្ណរាជ, លោក ណុប ប៉ាយ៉ារិទ្ធ អ្នកនាងពេជ្រ សោភា, កញ្ញា សុគន្ធ នីសា, លោក ជី ដេវីដ, លោក ប៊ុត សីហា, លោក នី រតនា, លោក វង្ស ដារ៉ារតនា, កញ្ញា រ៉េត ស៊ូហ្សាណា លោក ថែល ថៃ, លោក ដួង វីរៈសិទ្ធ និងតារាចម្រៀងល្បីៗជាច្រើនរូបទៀត។ ក្នុងការប្រគំតន្ត្រីនេះក៏មានការលេងហ្គេម យករង្វាន់អនុស្សាវរីយ៍ពីស្រាបៀរកម្ពុជាផងដែរ។

ចំណែកការប្រគំតន្ត្រីនៅខេត្តសៀមរាបវិញ ស្រាបៀរកម្ពុជា នឹងរៀបចំឡើងនៅផាប់ស្ទ្រីត នៅថ្ងៃទី៣០ និង៣១ ខែធ្នូ ហើយនឹងត្រូវបានផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ BTV ។ តារាចម្រៀងដែលចូលរួមសម្តែងរួមមាន Nikki Nikki, កញ្ញា EVA លោក Step និងតារាចម្រៀងជាច្រើនដួងទៀត។
ក្នុងការប្រគំតន្ត្រីនេះក៏មាន DJ EDM ដែលបានតៀមបទភ្លេងពិរោះៗជាច្រើន សម្រាប់អ្នកចូលរួមការប្រគំតន្ត្រី រាំលេងសប្បាយរហូតដល់ម៉ោង១២អធ្រាត្រ។

ក្រៅពីការប្រគំតន្ត្រីនៅពេលយប់ ស្រាបៀរកម្ពុជាក៏បានរៀបចំការប្រកួតកីឡា Foosball លើវាលស្មៅ ដែលជាប្រភេទកីឡាថ្មីមួយក្នុងប្រទេសកម្ពុជា៕