(ភ្នំពេញ)៖ ក្រុមការងារគណៈកម្មការ ចុះត្រួតពិនិត្យការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ការបង្ក្រាបបទល្មើស ការសាងសង់សំណង់ និងប៉ុស្តិ៍អាណាធិបតេយ្យ សុំធ្វើការបដិសេធទាំងស្រុង ចំពោះការលើកឡើងថា ពួកគេបានរំខាន និងធ្វើឲ្យប៉ះពាល់ដល់ អ្នករកស៉ី រហូតចង់ធ្វើឲ្យពួកគេចង់ដាច់ខ្យល់។

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលជាសមាជិក នៃគណ:កម្មាការមួយនេះ បានបញ្ជាក់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះថា ‌‌‌‌«មិនមានសកម្មភាពបែបនេះទេ យើងសូមបដិសេធ ហើយសម្រាប់ករណីនេះ ក្រុមអធិការកិច្ច ក៏បានចុះពិនិត្យ និងធ្វើការស្រាវផងដែរ ប៉ុន្តែមិនបានរកឃើញពីសកម្មភាពទាំងនេះទេ»។

គួរបញ្ជាក់ថា កន្លងមកថ្មីៗនេះ អ្នករកស៉ីទាំងអ្នកស្របច្បាប់ និងមិនស្របច្បាប់ ឆ្លងកាត់ព្រំដែន ជាពិសេសព្រំដែនវៀតណាមតែម្តង បាននាំគ្នាថ្នូរដូចព្រាប ព្រោះតែបច្ចុប្បន្នមានលោកផ្កាយពីរ នៅក្រសួងមហាផ្ទៃម្នាក់ ដែលមានងារជាទីប្រឹក្សាសម្តេចក្រឡាហោម និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចុះពិនិត្យការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការបង្ក្រាបបទល្មើស ការសាងសង់សំណង់ និងប៉ុស្តិ៍អាណាធិបតេយ្យនានានៅតាមខ្សែបន្ទាត់ព្រំដែន បានយកតួនាទីនិងមុខងាររបស់ខ្លួនទៅរំខាន និងធ្វើឲ្យប៉ះពាល់ពួកគេ។

ទាក់ទិនទៅនិងប្រភពព៌ត័មានខាងលើនេះ ក្រុមការងារសុំធ្វើការបដិសេធទាំងស្រុង ដោយពួកគេលើកឡើងថា «ចាប់តាំងពីបង្កើតគណៈកម្មការមក រហូតមកដល់បច្ចុប្បន្ននេះ គឺអនុវត្តការងារយ៉ាងខ្ជាប់ខ្ជួន ពោគឺពុំបានធ្វើអ្វីប្រាស់ចាកពីច្បាប់ ដោយចូលរួមសហការជាមួយ អាជ្ញាធរជាប់ព្រំដែនប្រទេសវៀតណាម គ្រប់លំដាប់ថ្នាក់»។

ក្រុមការងារគណៈកម្មការបន្តថា ទោះបីការចុះប្រតិបត្តិការ តាមបណ្តាខេត្តឆ្ងាយៗជាប់ព្រំដែនប្រទេសវៀតណាម ជួបការលំបាកបញ្ហាផ្សេងៗ ប៉ុន្តែមិនរាថយនោះទេ ព្រោះជាភារកិច្ច ដែលក្រសួងប្រគល់ជូន ដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។

ទន្ទឹមនិងការខិតខំប្រឹងប្រែងទាំង អម្បាលមាណខាងលើនេះ ក្រុមការងារគួរតែបានការលើកចិត្ត ពីក្រសួងមហាផ្ទៃថែមទៀតផង ព្រមទាំងធ្វើការបដិសេធយ៉ាងដាច់ អហង្ការចំពោះព៌ត័មាននេះ៕