(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើដំណើរទៅដល់ខេត្តព្រះសីហនុកាលពីម្សិលមិញ។ នាឱកាសនោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានទៅកម្សាន្តនៅឆ្នេរសមុទ្រខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២៣ ខែធ្នូផងដែរ។

សូមបញ្ជាក់ថា បុណ្យសមុទ្រឆ្នាំ២០១៦ ត្រូវបានរៀបចំឡើងនៅខេត្តព្រះសីហនុ រយៈពេ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦។ បុណ្យសមុទ្រ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅខេត្តជាប់សមុទ្ររបស់ប្រទេសកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ ទៅកាន់តំបន់ឆ្នេរ។

ដោយឡែកសម្រាប់កម្មវិធីនៅថ្ងៃទី២៤ ខែធ្នូនេះ ដែលជាថ្ងៃទី២ នៃបុណ្យសមុទ្រឆ្នាំ២០១៦ មានកម្មវិធី កីឡាបាល់ទះ-បាល់ទាត់លើឆ្នេរខ្សាច់ ប្រដាល់ក្បាច់គុនខ្មែរ មហោស្របម្ហូបអាហារនិងភេសជ្ជៈ ការតាំងពិព័រណ៍សមិទ្ធផល និងគម្រោងអភិវឌ្ឍតំបន់ឆ្នេរ ការតាំងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលសហគ្រាសធុនតូចនិងមធ្យម ការប្រណាំងកង់វិលជុំ កីឡាហោះហើរ កីឡាទូកក្តោង ប្រណាំងម៉ូតូទឹក សម្តែងគុនល្បុក្តតោ ចំបាប់បុរាណ ប្រគំតន្រ្តីសម័យ ល្ខោនយីកេឆាកកំប្លែង ជាដើម៕