(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរង និងជាប្រធានក្រុមការងារយុវជនខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ​យុវជន​ខេត្ត ស្រុក សកម្មយុវជនឃុំ និងភូមិ នាំយកថវិកាចំនួន ២០ម៉ឺនរៀល និងគ្រឿងឧបភោគ-បរិភោគមួយចំនួនទៀត ទៅប្រគល់ជូនស្រ្តីកើតពិសធ្យូង ស្រេង ស្រីអាង អាយុ៤០ឆ្នាំ មានស្វាមីឈ្មោះ សុខ ស្រ៊ាង មានកូន២នាក់ មុខរបរជាកម្មករសំណង់ រង់នៅភូមិកំរ៉ែង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនោះ លោក ហាក់ សុខមករា បានផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយក​ចិត្តទុកដាក់ និងគិតគូយ៉ាងខ្លាំងទៅលើស្រ្តីរងគ្រោះរូបនេះ រហូតចាត់ឲ្យក្រុមការងារបញ្ជូនទៅធ្វើការវះកាត់បានដោយជោគជ័យ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ។

លោកបន្តថា ដោយមានការផ្ដាំផ្ញើពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឲ្យបន្តយកចិត្តទុកដាក់ និងសួរសុខទុក្ខជាប្រចាំ ទៅលើស្រ្តីរងគ្រោះ ទើបនៅព្រឹកថ្ងៃសៅរ៍នេះ លោកនិងក្រុមការ​ងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយជាថវិកា និងគ្រឿងបរិភោគមួយចំនួន រួមមាន៖ អង្ករ៥០គីឡូក្រាម មី ទឹកបរិសុទ្ធ ទឹកស៊ីអ៉ីវ ទឹកត្រី ប្រេងឆា ត្រីខកំប៉ុង និងរទេះជនពិការ ១គ្រឿង (ដោយសាររទេះចាស់ខូច)។

សូមបញ្ជាក់ថា ស្រ្តី ស្រេង ស្រីអាង កើតជំងឺពិសធ្យូងដ៏ចម្លែក គឺស៊ីរូងសាច់សល់តែឆ្អឹង ទើបសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឲ្យក្រុមការងារបញ្ជូនមកសង្គ្រោះ និងធ្វើការវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត បានដោយជោគជ័យ ព្រមទាំងឧបត្ថម្ភថវិកា ក៏ដូចជាអំណោយជាច្រើនទៀត សម្រាប់ស្រ្តីរងគ្រោះរូបនេះ៕