(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា តាមការប៉ាន់ស្មាន មានប្រជាពលរដ្ឋជាង១០មឺុននាក់ បានអញ្ជើញចូលរួមទស្សនា ពិធីបុណ្យសមុទ្រថ្ងៃទី១ នៅខេត្តព្រះសីហនុ ប៉ុន្តែនៅថ្ងៃនេះនឹងមានកាន់ច្រើនឡើងពីព្រោះជាថ្ងៃបើកជាផ្លូវការ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា៖ «មានបងប្អូនយើង ប្រមាណជាង១០ម៉ឺននាក់ បានមកទស្សនា ចំនួននេះដោយសារតែជាថ្ងៃដំបូង តែយើងរំពឹងថា នៅថ្ងៃនេះ (ទី២៤ ខែធ្នូ) បងប្អូនយើង នឹងមកកាន់តែច្រើន ពីព្រោះជាថ្ងៃបើកជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត»

សម្រាប់ស្ថានការណ៍ទូទៅវិញ ត្រូវបានលោកឧត្តមសេនីយ៍ស្នងការ អះអាងថា មានលក្ខណះល្អប្រសើរ ហើយមានចោរកាត់ហោប៉ៅ ២ករណីដែរ តែត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបទាន់ពេល។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់ ដែលមកចូលរួមទស្សនាពិធីបុណ្យដ៏ធំមួយនេះ សូមបង្កើនការប្រុងប្រយ័ត្នផងដែរ ចំពោះទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ពីព្រោះខ្លាចមានជនឱកាសនិយម ធ្វើសកម្មភាព។

សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៤នេះ បានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែធ្នូ ឆ្នាំ២០១៦ នៅទីរួមខេត្តព្រះសីហនុ ហើយពិធីសម្ពោធបើក ជាផ្លូវការនឹងធ្វើឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕