(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ ត្រូវបានមន្រ្តីនគរបាលចរាចរណ៍ខណ្ឌសែនសុខ ផាកពិន័យជាទឹកប្រាក់ចំនួន២៥០០០រៀល ដោយសារតែលោកអត់ពាក់ខ្សែក្រវាត់ ពេលបើករថយន្តមួយគ្រឿងម៉ាក ព្រូស ពណ៌ស្លែ។

យោងតាមបង្កាន់ដៃផាកពិន័យរបស់លោក ហុន សំណាង មន្រ្តីនគរបាលចរាចរណ៍ខណ្ឌសែនសុខ បានបញ្ជាក់ថា «មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក បានប្រតិបត្តិនៅគោលដៅផ្លូវ២០០៤ បានត្រួតពិនិត្យអ្នកបើកឈ្មោះ ឱម យ៉ិនទៀង ភេទប្រុស ស្លាកលេខរថយន្ត ភ្នំពេញ: 2AM-3118 រស់នៅផ្ទះលេខ១៩៩ ផ្លូវនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន...សរុបទឹកប្រាក់ត្រូវបង់២៥០០០រៀល សូមអញ្ជើញបង់ប្រាក់ពិន័យនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ»

យោងតាមបង្កាន់ដៃផាកពិន័យនេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ក៏បានផ្តិតមេដាយទទួលស្គាល់ និងដាក់លេខទូរស័ព្ទទៀតផង៕