(ព្រះសីហនុ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ ក្នុងពិធីអញ្ជើញចូលរួមពិធីបុណ្យសមុទ្រលើកទី៥ នៅឯខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យមើលផលិតផលរបស់ខ្មែរ ដែលដាក់តាំងពិព័រណ៍ជាង ១០០ប្រភេទ។

មន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងស្មារតីចូលរួមផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍នៃតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ឬ តារារះនាទិសនីរតី និងគាំទ្រគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពរបស់រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្ម បានចូលរួម «ពិធីបុណ្យសមុទ្រ» លើកទី៥ ដែលជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំ ប្រារព្ធឡើងនៅក្នុងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ក្រោមប្រធានបទ «ទីក្រុងបៃតង-ឆ្នេរស្អាត-សមុទ្រខៀវស្រងាត់» មានផលិតផលខ្មែរជាង ១០០ប្រភេទត្រូវបាន។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ដែលបានដឹកនាំមន្រ្តីជាន់ខ្ពស់របស់ក្រសួងអមដំណើរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារអញ្ជើញពិនិត្យពិព័រណ៍ទំនិញក្នុងពិព័រណ៍នោះ បានគូសបញ្ជាក់វត្តមានដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល បានផ្តល់កម្លាំងចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងការបន្តអនុវត្តន៍គោលនយោបាយជំរុញពាណិជ្ជកម្ម និងកម្មវិធីកំណែទម្រង់នានា សំដៅលើកកម្ពស់បរិយាកាសធុរកិច្ច និងធ្វើពិធិធកម្មការនាំចេញរបស់កម្ពុជាឲ្យបានអតិបរិមា ដូចបានកំណត់នៅក្នុងសសរស្តមទាំងបីនៃអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) និងយុទ្ធសាស្ត្រវិភាគសមាហរណកម្មពាណិជ្ជកម្ម (CTIS) ឆ្នាំ ២០១៤-២០១៨។

គួររំលឹកដែរថា កាលពីឆ្នាំ ២០១១ តំបន់ឆ្នេរសមុទ្រកម្ពុជា បានក្លាយជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ដែលប្រការនេះ កំពុងរួមចំណែកធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយឧត្ដមភាព ដើម្បីឈានទៅសម្រេចចក្ខុវិស័យរួមរបស់អាស៊ាន ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក និងប្រកបដោយភាពកក់ក្ដៅ។

តំបន់ឆ្នេរសមុទ្រកម្ពុជា តែងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥% នៃចំនួនភ្ញៀវទេសចរសរុបចូលមកកម្ពុជា ហើយចំនួននេះបាននឹងកំពុងកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ៕