(ភ្នំពេញ)៖ ក្រុមហ៊ុន​ខ្មែរប្រ៊ូវើរី លីមីតធីត នឹងបើក​យុទ្ធនាការណ៍​ «ទីក្រុងស្អាត សុខភាពល្អ» ​ដោយ​​បញ្ជួន​រថយន្ត​សម្អាត​ផ្លូវរបស់​ខ្លួន​ ទៅ​ជួយ​សម្អាត​ផ្លូវ​នៅគ្រប់​ខេត្ត​ក្រុងក្នុង​ប្រ​ទេសកម្ពុជា​ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​លើកដំបូង​​​នៅ​​ខេត្ត​ព្រះសីហនុ​ក្នុង​អំ​ឡុង​ពេល​បុណ្យ​សមុទ្រ។

​​រថយន្ត​សម្អាតផ្លូវ​ ​ថ្មីស្រឡាង​ចំនួន​ពី​រគ្រឿង របស់​ក្រុមហ៊ុន​ខ្មែរប្រ៊ូវើរី លីមីតធីត ដែល​មាន​សមត្ថភាព បោស លាង​សម្អាត និង​បូម​ធូលីសើម​ ជា​ប្រ​ភេទ​រថយន្ត​ធុន​ធ្ងន់​ ដែលក្រុមហ៊ុន​​ទើប​តែ​ទិញ​ចូល​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦នេះ។

លោក​ឧកញ៉ា លាង ឃុន ប្រ​ធាន​អគ្គ​នាយក​ក្រុមហ៊ុន​ខ្មែរប្រ៊ូវើរី លីមីតធីត បានមាន​ប្រសាសន៍ថា «ក្រុមហ៊ុន​ខ្មែរប្រ៊ូវើរី លីមីតធីត កំពុង​ពិភាក្សា​ជាមួយ​​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ខេត្តទូទាំង​ប្រ​ទេស ដើម្បី​រៀបចំ​គម្រោង​បញ្ជួន​រថយន្ត​សម្អាតផ្លូវ​ទាំង​​ពី​រគ្រឿង​ ទៅ​សម្អាតផ្លូវ​តាម​ខេត្ត​នីមួយៗ។ គោលដៅ​របស់​យើង​គឺ​សម្អាត​ផ្លូវ​ក្នុង​មួយ​ខេត្ត​ រយៈមួយខែ»

​ក្រុមហ៊ុន​ខ្មែរប្រ៊ូវើរី លីមីតធីត​បាន​បញ្ជួន​រថយន្ត​សម្អាត​ផ្លូវ​របស់​ខ្លួន​ទៅ​ខេត្ត​ព្រះ​សីហនុ​នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ហើយ​បាន​សម្អាត​ផ្លូវ​ចំ​នួន​បី​ខែ្ស​ក្នុង​ខេត្ត​រហូត​ដល់​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦។

ចាប់​តាំងពី​ក្រុមហ៊ុន​ខ្មែរប្រ៊ូវើរី លីមីតធីត ​បើក​ដំ​ណើរ​ការ​ក្នុង​ឆ្នាំ​២០១១ ក្រុមហ៊ុន​តែង​ចូលរួម​​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការ​បរិស្ថាន។ កាលពី​ថ្ងៃ​ទី​២១ ខែធ្នូនេះ ក្រុមហ៊ុន​បាន​​ទទួល​​លិខិតសរសើរ​ពី​ក្រសួង​បរិស្ថាន​ អំ​ពី​ការ​អនុវត្ត​​យន្តការ​​អភិវឌ្ឍ​ស្អាត និង​ការ​គ្រប់​គ្រង​​សំ​ណល់​បានល្អ ដើម្បី​រូម​ចំណែក​លើក​​កម្ពស់​ប្រតិបត្តិ​បៃ​តង និង​មេត្រី​ភាព​បរិស្ថាន។

ក្រៅពីលិខិត​សរសើរនេះ ក្រុមហ៊ុន​កក៏​ធ្លាប់​ទទួល​បាន​វិញ្ញា​បនបត្រ​ISO បញ្ជាក់​ពី​ប្រ​ព័ន្ធ​គ្រប់​គ្រង​បរិស្ថាន​ពី​ចក្រ​ភព​អង់​គ្លេស​ផងដែរ៕