(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦នេះ សហពន្ធ័កីឡាស្គីទឹកកកកម្ពុជា រួមសហការជាមួយ មជ្ឈមណ្ឌលកំសាន្តស្គីទឹកកកកម្ពុជា (Ice Park Cambodia) នឹងរៀបចំកម្មវិធី Christmas Ice Show 2016 ដែលជាការសម្ដែងស្គីទឹកកកដ៏អស្ចារ្យ​​ប្រចាំឆ្នាំ២០១៦តែ មួយគត់ សំរាប់ថ្ងៃបុណ្យណូអែល  នៅ Ice Park Cambodia ដែលមាន ទីតាំងនៅផ្សារទំនើប AEON Mall ជាន់ទី៤។

ការសម្តែងនេះនឹងប្រព្រឹត្តទៅជា២វគ្គ។ វគ្គទីមួយ ពីម៉ោង ៣៖០០នាទីរសៀល ដល់ម៉ោង៤៖៣០នាទីរសៀល និង វគ្គទីពីរ ចាប់ពីម៉ោង៦៖០០នាទីល្ងាច ដល់ម៉ោង៧៖៣០នាទីល្ងាច។

ក្នុងព្រឹត្តិការណ៍​សម្តែងការជិះស្គីទឹកក​ដ៏អស្ចារ្យនេះ ក៏មានការចូលរួមបង្ហាញសមត្ថភាព ពីកីឡាករស្គីទឹកកក លំដាប់ថ្នាក់អន្តរជាតិផងដែរ ក្នុងនោះរួមមាន លោក James Min មកពីប្រទេសអូស្រ្តាលី, កញ្ញា Evelyn Tan និង លោក Nicholas Tan មកពីប្រទេសម៉ាឡេស៊ី ដែលមានបទពិសោធន៍ក្នុងការ​ប្រកួត​ និងសម្តែងលើឆាកអន្តរជាតិ ជាច្រើន ប្រទេសដូចជា អាមេរិក, អូស្ត្រាលី, ថៃ និងម៉ាឡេស៊ី តាំងពីឆ្នាំ២០១៥ ហើយបាន​ទទួល​ពានជិះស្គីទឹកកក លំដាប់ពិភពលោកផងដែរ។

ជាមួយគ្នានេះផងដែរ ក៏មានក្រុមកីឡាករ កីឡាការិនីស្គីទឹកកកប្រចាំ​ប្រទេសកម្ពុជា​ជាច្រើនរូប និងម្ចាស់មេដាយមាស ការប្រកួត​កីឡា​ស្គីទឹកកក ជម្រើសថ្នាក់ជាតិ​លើកទី២  គឺលោក សេន ប៊ុនធឿន ក៏ត្រៀមខ្លួនបង្ហាញសមត្ថភាពផងដែរ។ ជាពិសេសទៅទៀតនោះគឺ មានការចូលរួមពីសំណាក់​តារាចម្រៀង គឺលោក អ៊ួង សូរិយា ម្ចាស់បទ «នឹកអូនបានត្រឹមស្រមៃ» ផងដែរ។

សូមជំរាបថា កម្មវិធីសម្ដែងស្គីទឹកកកនេះនឹងផ្ដល់ឱកាសអោយ ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនាកម្សាន្ត ដោយសេរី។
សូមកុំភ្លេច! ចូលរួមទស្សនាទាំងអស់គ្នា កុំអោយឱកាសដ៏សប្បាយរីករាយនេះកន្លងផុតទៅ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទ ០២៣ ៩៦៦ ៧៣០ / ០៨១ ៩៧៩ ៦៦៦
Facebook: www.facebook.com/iceparkcambodia