(ប៉ៃលិន)៖ នៅព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ លោកស្រី បាន ស្រីមុំ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន រួមនឹងក្រុមការងារគណបក្សប្រជាជនកម្ពុជា​ចុះជួយមូលដ្ឋាន ខេត្តប៉ៃលិន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សាលារៀន១ខ្នង អំណោយរបស់លោក អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន ។

ក្នុងឱកាសនោះលោកស្រី តំណាងរាស្ត្រដ៏សកម្ម បាននាំបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់ ។

មានប្រសាសន៍ក្នុងឱកាសនោះផងដែរ លោកស្រី បាន ស្រីមុំ បានអំពាវនាវដល់ប្រជាពលរដ្ឋ​ទាំងអស់បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ មិនបានសន្យាតែធ្វើជូនប្រជាពលរដ្ឋ បានរស់នៅប្រកបដោយសុខសន្តិភាព ស្ថេរភាព វឌ្ឍនភាព និងភាពសុខដុម៕

សូមបញ្ជាក់ថា សាលារៀនដែលសម្ពោ​ធ​ដាក់ជូនឲ្យប្រើប្រាស់​នាពេលនេះ ចំនួន១ខ្នង ស្មើ២បន្ទប់ ជាអំណោយរបស់លោក អ៉ី ឈាន និងលោកស្រីអ្នកតំណាងរាស្រ្ត ផ្តល់ជូនប្រជាពលរដ្ឋរស់នៅជនបទ ដែលពុំមានអាគារសិក្សាសមរម្យនាពេលកន្លងមក៕