(ភ្នំពេញ)៖ ក្រុមហ៊ុន Ezecom Telcotech ដែលជាក្រុមហ៊ុនផ្តល់សេវាអ៉ីនធឺណេត និងខ្សែកាបឈានមុខគេនៅកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនបានកសាងស្ថានីយ៍កណ្តាលខ្សែកាបអ៊ុបទិចក្រោមបាតសមុទ្រ រួចរាល់១០០%ហើយ មានទីតាំងស្ថានីយ៍កណ្តាលនៅខេត្តព្រះសីហនុ ដែលស្ថានីយ៍កណ្តាលនេះមានឈ្មោះថា «មិត្តភាព»។

យោងតាមរបាយការណ៍ ក្រុមហ៊ុនបានកសាងស្ថានីយ៍បានរៀបចំប្រព័ន្ធតភ្ជាប់ និងបានពង្រាយខ្សែកាបអុបទិចក្រោមបាតសមុទ្រ ប្រវែង១,៣០០គីឡូម៉ែត្ររួចរាល់ហើយតាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។ ចំពោះប្រព័ន្ធខ្សែកាបអុបទិចក្រោមបាតសមុទ្រនេះ គឺក្រុមវិស្វករបានកំពុងរៀបចំតភ្ជាប់ពីប្រទេសម៉ាឡេស៊ី ប្រទេសថៃ និងកម្ពុជា ហើយគ្រោងនឹងតភ្ជាប់ឲ្យរួចរាល់នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។ តាមការគ្រោងទុក សេវាកម្មនឹងចាប់ផ្តើមដំណើការផ្លូវការក្នុងខែមីនា ឆ្នាំ២០១៧។

ក្រុមហ៊ុន Ezecom Telcotech បានគូសបញ្ជាក់ថា លទ្ធភាពដែលកម្ពុជាអាចតម្លើងខ្សែកាបអ៊ុបទិចក្រោមបាតសមុទ្រ ដើម្បីបម្រើសេវាកម្មផ្នែកអ៉ីនធឺណេតនេះ គឺបង្ហាញពីការខិតខំក្នុងការរួមចំណែកឲ្យកម្ពុជាមានឯករាជ្យភាពក្នុងផ្គត់ផ្គង់សេវាកម្មអ៉ីនធឺណេត ដែលធានាបានទាំងសន្តិសុខ និងសុវត្ថិភាពព័ត៌មាន និងទិនន្ន័យទូរគមនាគមន៍ព័ត៌មានវិទ្យា ដោយមិនឆ្លងកាត់ប្រទេសណាមួយ និងមិនព្រួយបារម្ភពីការលួចព័ត៌មាន និងទិន្នន័យព័ត៌មាននោះឡើយ។

តាមការឲ្យដឹងពីក្រុមហ៊ុន Ezecom Telcotech គម្រោងខ្សែកាបអ៊ុបទិចក្រោមបាតសមុទ្រនេះ មានតម្លៃវិនិយោគជិត១០០លានដុល្លារសហរដ្ឋអាមេរិក៕