(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ លោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមនឹងសមាជិក សមាជិកាគណៈកម្មាធិការ​សាខា និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសួរសុខទុក្ខនិងប្រគល់អណ្តូងទឹកស្អាតចំនួន២ បន្ថែមទៀតដែលជាអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចំនួន១៧០គ្រួសារ (ស្នើប្រមាណ៥០០នាក់) សម្រាប់ប្រើប្រាស់ ស្ថិតនៅភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន និងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន ។

ឱកាសនោះលោកស្រីប្រធានគណៈកម្មាធិការសាខា បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយសម្តេចជានិច្ចកាលបានគិតគូរ យកចិត្តទុកដាក់ពីសុខ​ទុក្ខប្រជាពលរដ្ឋ​ទាំងអស់នៅគ្រប់ទីកន្លែង។

លោកស្រីក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបានអណ្តូងទឹកថ្មីនាពេលនេះ សូមឲ្យចូលរួមចំណែកទាំងអស់គ្នា ថែរក្សាអណ្តូងឲ្យបានល្អ និងគង់វង្ស ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង ។

សូមបញ្ជាក់ថា អណ្តូងទឹកប្រគល់ជូននាពេលនេះ មិនមែនជាសមិទ្ធផលចុងក្រោយនោះទេ ដោយសម្តេចនិងផ្តល់បន្ត ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ក្នុងតំបន់ដែលស្ថិតនៅឆ្ងាយពីប្រភពទឹក ដើម្បីធានាបាននូវកង្វះខាតទឹកស្អាតប្រើប្រាស់៕