(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យខ្លួត ធីតា ប្រធានរាជបណ្ឌិតសភាកម្ពុជា បានថ្លែងទៅកាន់និស្សិត ជាបេក្ខជនជំនាន់ទី២ នៃរាជបណ្ឌិតសភាកម្ពុជា ថា រាល់អ្វីៗ ដែលយើងចង់បាន មានតែខ្លួនយើងទេ ជួយបំពេញវាដោយខ្លួនឯង ទោះគ្រូ ឪពុកម្ដាយ មិត្ដភ័ក្រ អ្នកជុំវិញខ្លួន រួមទាំងរាជរដ្ឋាភិបាល ជួយដល់យើងប៉ុណ្ណោះ តែបើបុគ្គលខ្លួនយើង ប្រព្រឹត្ដខុស និងមិនប្រឹងប្រែងដោយខ្លួនឯង វានឹងមិនអាចសម្រេចបានជោគជ័យនោះទេ ។

លោកស្រីបណ្ឌិត បានលើកឡើងបែបនេះ ក្នុងកម្មវិធីជួបជុំពិសារអាហារសាមគ្គី ដើម្បីអបអរសាទរបញ្ចប់វគ្គសិក្សាថ្នាក់បណ្ឌិតជំនាន់ទី២ និងអបអរសាទរឆ្នាំថ្មី នៅចុងសប្ដាហ៍នេះ នៅសណ្ឋាគារDara Airport រតនាផ្លាហ្សា ដែលមានមន្ដ្រីគ្រប់លំដាប់នៃរាជបណ្ឌិតសភាកម្ពុជា។

លោស្រីបណ្ឌិតបន្ថែមថា «ប្អូនៗទាំងអស់គ្នា ខ្លួនត្រូវទីពឹងខ្លួន រាល់អ្វីៗដែលយើងសង្ឃឹមចង់បានជានិច្ច មានតែខ្លួនយើងទេ ជួយខ្លួនយើង គ្រូជួយប្អូន ឪពុកម្ដាយជួយប្អូន មិត្ដជួយប្អូន ប៉ុន្ដែប្អូនត្រូវជួយខ្លួនឯង បើប្អូនមិនចូលរៀនបំពេញភារកិច្ច ទោះរាជរដ្ឋាភិបាល ក៏មិនអាចជួយប្អូនបានឡើយ ដូច្នេះ គឺខ្លួនឯងជួយខ្លួនឯង ប្អូនៗត្រូវខិតខំប្រឹងប្រែង ទោះគេចង់ជួយយើង លុះត្រាតែបុគ្គលនោះ ចេះជួយខ្លួនឯង នេះជាដំណើរស្របគ្នា ឆ្ពោះទៅរកភាពជោគជ័យ   »

គួររម្លឹកថា ការប្រារព្ធកម្មវិធី ពិសាអាហារសាមគ្គី អបអរសាទរ បញ្ចប់វគ្គសិក្សាថ្នាក់បណ្ឌិត ជំនាន់ទី២ និងអបអរសាទរឆ្នាំនេះ បានរៀបចំដោយ បេក្ខជនបណ្ឌិតជំនាន់ទី២ នៃរាជបណ្ឌិតសភាកម្ពុជា ដើម្បីរឹងចំណងមេត្រីភាពសាមគ្គីភាព ប្រកបដោយភាពសប្បាយរីករាយ និងស្និតស្នាល ពិសេស គឺអបអរសាទរ ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ខាងមុខនេះផងដែរ៕