(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ ដែលមានមេក្លោងជាជនជាតិបរទេសចំនួន៥នាក់ នៅ២គោលដៅផ្សេងគ្នា ហើយបានដកហូតថ្នាំញៀន ព្រមទាំងសម្ភារយ៉ាងច្រើនផងដែរ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅព្រឹកព្រលឹមថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រាប់អង្គភាព Fresh News ថា កម្លាំងជំនាញបានចេញប្រតិបត្តិការបង្ក្រាបចំនួនពីរគោលដៅ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន៥នាក់ ក្នុងនោះស្រី៣នាក់។

គោលដៅទី១: ប្រតិបត្តិការនេះ បានធ្វើឡើងនៅក្រុមទី១៤ ភូមិ២ សង្កាត់២​ ក្រុងព្រះសីហនុ ឃាត់ខ្លួនជន សង្ស័យចំនួន៣នាក់ រួមមាន៖

១. ឈ្មោះ Melnyk Volodymyr​ ភេទប្រុស អាយុ២៨ឆ្នាំ​ សញ្ជាតិ អ៊ុយក្រែន (មិនមានលិខិតឆ្លងដែនជាប់នឹងខ្លួន)​
២. ឈ្មោះ Lenya Vlkoval​ ភេទស្រី អាយុ២៦ឆ្នាំ សញ្ជាតិឆែក (មិនមានលិខិត ឆ្លងដែនជាប់នឹងខ្លួន)​
៣. ឈ្មោះ Sirkia Hannah​ ភេទស្រី អាយុ២៨ឆ្នាំ សញ្ជាតិហ្វាំងឡង់ (មិនមាន លិខិតឆ្លងដែនជាប់នឹងខ្លួន)។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា សម្រាប់ការបង្ក្រាបនៅគោលដៅទី១នេះ កម្លាំងនគរបាលរបស់លោក បានដកហូតបានវត្ថុតាងរួមមាន៖ ម៉ាសីុនសម្រាប់ផលិតគ្រឿងញៀន 1​គ្រឿង, ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន ចំនួន៤២២គ្រាប់, ថ្នាំគ្រាប់ពណ៌បៃតងសង្ស័យថ្នាំញៀន ចំនួន៥៤គ្រាប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូកសង្ស័យសាធាតុញៀនចំនួន២៩៥​ក្រាម, ម្សៅពណ៌បៃតងសង្ស័យសាធាតុញៀន ចំនួន១ប្រអប់,​ម្សៅពណ៌ផ្កាឈូកសង្ស័យសាធាតុញៀន ចំនួន១ប្រអប់, ម្សៅពណ៌ផ្កាឈូក (រាងដូចពណ៌កំបោរ)​ សង្ស័យសាធាតុញៀន១ប្រអប់, ម្សៅម៉ាក Microcystalline Cellulose ទម្ងន់177ក្រាម និងម្សៅម៉ាក Magnessieu Magneseum​​ មួយចំនួនផងដែរ។

ដោយឡែក ប្រតិបត្តិការបង្ក្រាបនៅគោលដៅទី២ បានធ្វើឡើងនៅក្រុមទី២២​ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត រួមមាន៖

១. ឈ្មោះ Grafma​ Mikhail​ ភេទប្រុស អាយុ៥៣ឆ្នាំ​ សញ្ជាតិអាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ 711091581​
២. ឈ្មោះ Mukhametianova​ Elmira​ ភេទស្រី អាយុ៣១ឆ្នាំ សញ្ជាតិរុស្សី កាន់លិខិតឆ្លងដែនលេខ 752312661​។

សម្រាប់ការបង្ក្រាបនេះ កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន: ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង, ថ្នាំឈ្មោះ Trauma​ ប្រភេទគ្រាប់ពណ៌ស២៦បំពង់, ​​ម្សៅពណ៌សសង្ស័យសាធាតុញៀន៣កញ្ចប់ធំ និង៣កញ្ចប់តូច, សឺរាំងចាក់ចំនួន៤, ថ្នាំពេទ្យមួយចំនួន, ទូរស័ព្ទដៃ២គ្រឿង, កុំព្យូទ័រចំនួន១គ្រឿង, ប័ណ្ណបេីកបរ១សន្លឹក, ឌីសចំនួន២០បន្ទះ និងឯកសារមួយចំនួនទៀត។

​​​​​​​បើតាមលោកស្នងការ សម្រាប់ករណីនេះ ស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញមន្ត្រីជំនាញ នៃមន្ទីរ ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ មកធ្វេីការពិសោធន៍ថ្នាំខាងលេី លទ្ធផលបញ្ជាក់ថា ពិតជាថ្នាំញៀនប្រភេទ ( MDMA)​ ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះអាសន្ន រួមនឹងវត្ថុតាងនៅស្នងការដ្ឋាននគរបាលខេត្ត ដេីម្បីបន្តតាមនីតិវិធី៕