(ភ្នំពេញ)៖ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា ដែលគេដឹងថា ជាតារា Facebook មួយរូបនៅកម្ពុជាបានឲ្យដឹងថា នាងសូមបដិសេធចំពោះព័ត៌មាននានានៅលើបណ្តាញសង្គម ក៏ដូចជានៅលើសារព័ត៌មានមួយចំនួនថា រូបនាង និងក្រុមការងារលោក ស្រី ចំរើន ព្រមទាំងក្រុមការងារ ផែ សុវណ្ណរិទ្ធ បែកបាក់ និងមានទំនាស់ជាមួយគ្នា !
កញ្ញា ធី សុវណ្ណថា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបដិសេធទាំងស្រុងចំពោះព័ត៌មានថា ពួកខ្ញុំមានក្រុមលោក ស្រី ចំរើន និងក្រុមលោក ផែ សុវណ្ណរិទ្ធ, ពួកខ្ញុំទាំងអស់គ្នាមិនមានទំនាស់ជាមួយគ្នាអីនោះទេ អ្វីដែលឃើញនៅបណ្តាញសង្គមមួយចំនួន និងកាសែត Cambodia Daily គឺជារឿងមិនពិត។ ខាងក្រោមនេះជារូបភាពជាក់ស្តែងដែល ពួកយើងខ្ញុំធ្វើការជុំគ្នា និងទៅណាមកណាជុំគ្នា មិនមានការបែកបាក់គ្នាដូចចុះផ្សាយនោះទេ»។
ការចេញមកបដិសេធរបស់កញ្ញា ធី សុវណ្ណថា នៅពេលនេះធ្វើឡើង បន្ទាប់ពីមានបណ្តាញសង្គម Facebook មួយចំនួនបានសរសេរពាក្យថា «ខ្ញុំ ធី សុវណ្ណថា សូមប្រកាសឈប់ទាក់ទងជាមួយក្រុម ស្រី ចំរើន និងក្រុម ផែ សុវណ្ណរិទ្ធ។ ហើយខ្ញុំបាននិងកំពុងរៀបចំពាក្យបណ្តឹង និងសហការជាមួយសមត្ថកិច្ច ដើម្បីចាប់ខ្លួនបុគ្គលទាំងនោះពីបទប្រមាទនិងទំលាយឯកសារឯកជន»។
កញ្ញា បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ជាក់ស្តែងកាលពីម្សិលមិញលោក ស្រី ចំរើន បានអញ្ជើញតំណាងរូបនាង ក្នុងនាមប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» នៅក្នុងវេទិកាសាធារណៈទី៤៧ ស្តីពីការចូលរួមរបស់ពលរដ្ឋ នៅក្នុងការអភិវឌ្ឍភូមិ-ឃុំ ស្ថិតនៅភូមិកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ដោយមានបងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណ៤០០នាក់៕