(កំពត)៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តការងារឆ្នាំបន្ទាប់ របស់ក្រុមការងារថ្នាក់ជាតិ ខេត្តចុះ​មូលដ្ឋានខេត្តកំពត ត្រូវបាន​ប្រារព្វធ្វើឡើង នាព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៦ នៅសាលប្រជុំសាលាខេត្តកំពត ក្រោមអធិបតីភាព លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ​និងសិប្បកម្មនិងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន​​ខេត្តកំពត តាងនាមសមាជិក​ក្រុម​ការងារ​ថ្នាក់ជាតិ ទាំងមូលបានវាយតម្លៃខ្ពស់ និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគុណតម្លៃដឹកនាំ និងការចង្អុរបង្ហាញ របស់លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលធ្វើឲ្យបញ្ហាប្រឈម ត្រូវបានដោះស្រាយជាបន្តបន្ទាប់ ទាកទងការងារអភិវឌ្ឍន៍មូលដ្ឋាន និងប្រសិទ្ធិភាពនៃការផ្តល់សេវា រដ្ឋបាល និងសេវា សាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការចូលរួម ដោយផ្ទាល់របស់ លោក ទេស រដ្ឋមន្ត្រី ប្រធានក្រុមការងារ ក្នុងការដោះស្រាយជាបន្ទាន់ នូវភាពខ្វះខាតទឹកស្អាត និងទឹកប្រើប្រាស់ ជូនប្រជាពលរដ្ឋនារដូវប្រាំងក្តៅហែង ឆ្នាំ ២០១៦កន្លងមក ការកាត់ដីចំណែករដ្ឋក្រោមការគ្រប់គ្រង របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដើម្បីទទួលបានកម្មសិទ្ធស្របច្បាប់ ការធ្វើការវេទិការសាធារណៈ។

ដោយឡែក សំដៅដោះស្រាយបញ្ហាជាក់ស្តែង​តាមវិស័យ មានដូចជា វេទិការសាធារណៈជាមួយគ្រូបង្រៀន ជាមួយសហគមន៍​អ្នកផលិតអំបិល និងជាមួយនិវត្តជនទូទាំង​ខេត្តកំពត ។ ក្រៅពីនោះ គឺការសម្រេចចិត្តកែសម្រួលរចនាសម្ព័ន ក្រុមការងារថ្នាក់ជាតិ និងក្រុមជំនួយការ បានជម្រុញ ឲ្យកាន់តែប្រសើឡើងនូវប្រសិទ្ធិភាពការងារ និងសាមគ្គីភាពខ្ពស់។ យោងតាមរបាយការណ៌​របស់ លោក ចាន់ ចេស្តា បានបញ្ជាក់ថា ក្រុមការងារ ចុះមូលដ្ឋានខេត្ត និងក្រុង ស្រុក បានចុះធ្វើវេទិការសាធារណៈ រយៈពេលមួយឆ្នាំកន្លងមក សរុបចំនួន ៨៧ លើក មានការចូលរួមពីក្រុមការងារ​ចំនួន ៣.០២៤ នាក់ និងមានប្រជាពលរដ្ឋចូលរួមចំនួន ១១.០៨៧នាក់ ស្ត្រី ចំនួន ៥.២៥៩នាក់ ដោយប្រមូលបានបញ្ហា​សំណូមពរ ចំនួន៤៦០ ករណី ។ ក្នុងនោះ ដោះស្រាយបានចំនួន២៤៤បញ្ហា កំពុងដោះស្រាយចំនួន ១៣៧ បញ្ហា និងមិនទាន់ ដោះស្រាយ ចំនួន ៧៨ បញ្ហា សំណូមពរ ។

មានប្រសាសន៍ នាឱកាសនោះ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបង្ហាញនូវការកោតសរសើរ និងមោទនភាពចំពោះសមាជិក ក្រុមការងារថ្នាក់ជាតិទាំងមូល ដែលបានខិតខំសម្រេច នូវលទ្ធផលផ្លែផ្កា និងសមិទ្ធផលជាក់ស្តែងជាច្រើន ក្នុងរយៈពេលមួយឆ្នាំកន្លងមក ដែលស្តែងចេញ​ពីកិច្ចសហការ សាមគ្គីភាពខ្ពស់ និងមានកាទទួលខុសត្រូវ តាមមុខសញ្ញារៀងៗខ្លួន ដែលចាត់ទុកថាជាសមិទ្ធិផលរួម សម្រាប់យើងទាំងអស់គ្នា។ កត្តានេះ ធ្វើឲ្យប្រជាពលរដ្ឋមូលដ្ឋាន កាន់តែមានទំនុកចិត្ត នូវការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារ បានណែនាំជាក់ស្តែងមួយចំនួន បន្តខិតខំដោះស្រាយបញ្ហា ដែលនៅសេសសល់ និងសម្រេចជោគជ័យ នូវផែនការទិសដៅបន្ត ។ ក្នុងនោះក្រៅពីធ្វើវេទិការសាធារណៈ ត្រូវមានពេលវេលាចុះផ្ទាល់​ដល់មូលដ្ឋាន រឺលំនៅដ្ឋានប្រជាពលរដ្ឋផ្ទាល់តែម្តង ដើម្បីក្តាប់បាននូវកង្វល់ បញ្ហាប្រឈម រួមទាំងភាពរីករាយ របស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈ ការសម្រេច និងប្រកាសកន្លងមក ដោយប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដូចជាគោលនយោបាយ​ដីធ្លី គោលនយោបាយសារពើពន្ធ រួមទាំងការសម្រួលសេវា​រដ្ឋបាល និងសេវាសា ធារណៈ ជាច្រើនទៀត។

គួររំឭកថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់រដ្ឋាភិបាល ទើបបានចេញនូវគោលនយោបាយ អភិវឌ្ឍន៍ ឃុំ សង្កាត់ របស់ខ្លួន ចំនួន ១៣ ចំណុច សម្រាប់ឆ្នាំ ២០១៧-២០២២ ជាសំខាន់ ដែលចំណុច លេចធ្លោនោះគឺ ការផ្តល់សេវាដោយឥតគិតថ្លៃ ពីការចុះបញ្ជី កំណើត-អាពាហ៍ពិពាហ៍-មរណភាព-សៀវភៅគ្រួសារ-សៀវភៅស្នាក់នៅ-អត្តសញ្ញាណខ្មែរ ។ រីឯ ប្រជាពលរដ្ឋក្រីក្រ និងទទួលបានសេវាព្យាបាល ដោយឥតគិតថ្លៃ តាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ​។ ចំណែកការសំណូមពរ របស់ប្រជាពលរដ្ឋឲ្យបញ្ចុះតម្លៃ​ ប្រើប្រាស់ទឹកស្អាត យើងបានខិតខំណាស់កន្លងមក និងសូមឲ្យប្រជាពលរដ្ឋ ស្វែងយល់បន្តិចថា ទឹកស្អាត មួយម៉ែត្រត្រីគុណ តម្លៃ២.០០០រៀល ឬ ២.៥០០ រៀល គឺស្មើនិងទឹក១.០០០ លីត្រ ឬស្មើ និង ០៧ ពាងធំ តើបងប្អូនជួលគេរែកដាក់ពាងបានទេ ក្នុងតម្លៃខាងលើ នៅពេលដែលទឹកស្អាតតបណ្តាញដល់ផ្ទះ និងអាចត្រងផឹកបាន​។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានណែនាំឲ្យរដ្ឋបាលខេត្ត សហការល្អ ជាមួយប្រទេសជិតខាងវៀតណាម ដើម្បីជម្រុញ និងដោះស្រាយបញ្ហាពាណិជ្ជកម្ម តាមព្រំដែន នៃប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើង៕