(ភ្នំពេញ)៖ ដើម្បីជម្រុញលើកកម្ពស់ ការយល់ដឹងអំពីទស្សនៈ បែបវិទ្យាសាស្រ្តនៃអាហារបួស ដោយហេតុថា​ អាហារបួសអាចជួយ​ថែរក្សាការពារ​បរិស្ថាន ការពារ​​ដល់សុខភាព​ ថែរក្សាសម្រស់​ បង្កើននូវបញ្ញា​ស្មារតី​ ជាពិសសការជម្រុញអាហារបួស​ គឺដើម្បីថែរក្សា​ការពារបរិស្ថាន​ សង្គ្រោះ​ភពផែនដីនោះ​ សមាគមអ៉ីគ័នតាវ ​ប្រចាំព្រះរាជាណាចក្រកម្ពុជា​ នារសៀលថ្ងៃទី២៥ ខែធ្នូ​ឆ្នាំ​២០​១​៦​បា​នរៀបចំកម្មវិធីជួបជុំ​ ជម្រុញអាហារបួសលើកទី៤​ ប្រចាំ២០១៦​នៅមជ្ឈម​ណ្ឌ​ល​​កោះ​​ពេជ្រ​។​

កម្មវិធីជួបជុំជម្រុញអាហារបួស លើកទី៤ប្រចាំ២០១៦ ដែលរៀបចំឡើងដោយសមាគមអ៉ីគ័នតាវ​ ប្រចាំព្រះរាជាណាចក្រកម្ពុជានេះ គឺបានការអញ្ជើញចូលរួម ពីសំណាក់​លោក ថៃ នរៈ​ស​ត្យា រដ្ឋខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​និង​លោកអគ្គលេខាធិការគ្រូឧប្បជ្ឈាយ៍ ឡា​យ ឆាយចិន រួមនឹងវត្តមានភ្ញៀវជាច្រើន ផងដែរ។

លោក ថៃ នរៈ​ស​ត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងក្នុង​ឱកាស​នោះ​ថា អាហារបួស គឺពិតជាដើរតួនាទីយ៉ាងសំខាន់ សម្រាប់មនុស្សជាតិ សង្គម​ជា​តិនឹងពិភព​លោក​ទាំ​ងមូល​ ព្រោះអាហា​របួ​ស​មិ​នត្រឹមតែ អាចថែរក្សាសុខុមាលភាព រាងកាយរបស់មនុស្សទេ ថែម​ទាំ​ង​ជួយថែក្សាលំនឹង និងតុល្យភាព បរិស្ថាន និងសីតុណ្ហភាពភពផែនដីទាំងមូល កាត់បន្ថ​យ​កា​របំភាយឧស្ម័ន កាបូនឌីអុកស៊ីត ឬឧស្ម័នផ្ទះកញ្ចក់ ដែលចេញអំពីវិស័យបសុសត្វ​ ឧស្សា​ហ​ក​ម្ម​ចិញ្ចឹមសត្វ​យកសាច់។

រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោក ថៃ នរៈ​ស​ត្យា បានបន្តទៀតថា ការបរិ​ភោគ​អា​ហា​របួស គឺជានិន្នាការប្រឆាំង​នឹងការឡើ​​ង​កំ​ដៅភពផែនដី ការពារ​បរិស្ថាន និងសង្គ្រោះ​ភពផែន​ដី ដ៏មានប្រសិទ្ធិ​ភាព​បំផុត ហើយ​បើនិយាយពីវិស័យពុទ្ធចក្រ អាហារបួស​បានអប់រំ​ចិ​ត្ត​មនុស្សឲ្យមានមេត្តាករុណា សេចក្តីស្រឡាញ់​ដោះ​​លែង​​ជីវិតសត្វ ដ៏ពិតប្រាកដ​ កាត់បន្ថ​យ​ការកាប់​សម្លាប់ ជម្រុះកម្មផលពីអតីត​ជាតិ​ភ្ជាប់និស្ស័យ កុសលជាមួយសត្វលើកកម្ពស់​វប្ប​ធ​ម៌ សុខដុម្ប​នី​យកម្ម​ និង​សន្តិភាព​ពិភពលោក ប្រក​បដោយនិរន្តភាព។

ជាមួយគ្នានេះលោក ថៃ នរៈ​ស​ត្យា ក៏បានកោតសរសើ អំពីសកម្មភាពកន្លងមក របស់​សមា​គមអ៉ីគ័នតាវ ក្រោមការដឹកនាំ របស់ប្រធានគណៈកម្មាធិការនាយក នៃ​សមាគមន៍ដែលបានធ្វើការងារ​ ដែលពាក់ព័ន្ធនឹងការងារសង្គមជាច្រើនដូចជា​ ការបង្រៀនភាសាចិន ដោយឥតគិតថ្លៃ ផ្សព្វផ្សាយធម៌កតញ្ញូ លើកកម្ពស់ក្រមសីលធម៌ អប់រំផ្នែកវប្បធម៌ប្រពៃណី បណ្តុះបណ្តាលធ​នធាន​មនុស្ស ប្រកបដោយគុណភាព និងជម្រុញការងារថែរក្សា​ការពារ​បរិស្ថានភពផែនដី ដោ​យការរៀ​បចំកម្មវិធី​ជម្រុញ​អាហារបួស នេះជាដើម។

ដោយឡែក បើតាមការឲ្យដឹងពីអគ្គលេខាធិការគ្រូឧប្បជ្ឈាយ៍លោក ឡាយ ឆាយចិន បានថ្លែង​ថា​ ការលើកកម្ពស់អាហារបួស គឺជាគោលដៅនៃការខិត​ខំប្រឹ​ង​ប្រែងរបស់សមាគមអ៉ីគ័នតាវ ជា​រៀងរហូតមក ដើម្បីសង្ឃឹមថា ​នឹងមានមនុស្សកាន់តែច្រើ​ន​ឡើ​ង​ៗ យល់ដឹងអំពីអាហារបួស​ ហើ​យចូលចិត្ត​អាហារបួស។ ដូច្នេះឲ្យតែយើងធ្វើការ កែប្រែការទទួលទានអាហារ នោះ​នឹ​ងធ្វើ​​ឲ្យ​ការរស់នៅប្រកបដោយ សុខុមាលភាព និងបង្កើននូវអនាគតដ៏ប្រពៃ តាមរយៈការរៀបចំ​កម្មវិធីនេះយើងក៏សង្ឃឹមថា យើងទាំងអស់គ្នា នឹងខិតខំប្រឹងប្រែងរួមគ្នា ក្នុងការជម្រុញអាហារបួស៕