(សៀមរាប)៖ លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា អាជ្ញាធរជាតិអប្សរា តែងតែផ្តល់កិច្ចសហការ យ៉ាងជិតស្និទ្ធសំដៅ ធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្តទទួលបានជោគជ័យ។

ចំពោះព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលគ្រោងរៀបចំក្នុងឆ្នាំ២០១៧ខាងមុខនេះ អាជ្ញាធរជាតិអប្សរា ក៏បានត្រៀមរៀបចំ ក្រុមការងារមួយចំនួនផងដែរ ដើម្បីសហការជាមួយក្រុមការងារបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនោះរួមមាន ក្រុមការងារភូមិខ្ញុំ ក្រុមអភិរក្សដ្ឋាន និងក្រុមប្រតិបត្តិ សម្រាប់ទំនាក់ទំនងការងារទូទៅ។

លោក សុខ សង្វារ បានបន្ថែមទៀតថា ក្រៅពីកិច្ចសហការខាងលើ អាជ្ញាធរជាតិអប្សរា ក៏បានបង្កើនសកម្មភាពការងារដើម្បីសម្អាតបរិស្ថាន កាត់ក្រីមែកឈើ រៀបចំផ្តល់ព័ត៌មានទីតាំងហានិភ័យប្រាសាទ ក៏ដូចជាផ្តល់ទឹកពិសារដោយឥតគិតថ្លៃ ដែលកាលពីឆ្នាំទៅទទួលបានការគាំទ្រពីមហាជនទូទៅយ៉ាងខ្លាំង។

ការសម្រេចរបស់អាជ្ញាធរអប្សរានាពេលនេះ បានធ្វើឡើង ក្រោយពីលោកលោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការដើម្បីរៀបចំព្រឹត្តិការណ៍អង្គរសង្រា្កន្តលើកទី៤ ឆ្នាំ២០១៧ ជាមួយ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ដឹកនាំដោយលោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ។

ក្នុងជំនួបដែលធ្វើឡើងនៅស្នាក់ការអាជ្ញាធរជាតិអប្សរា លោក សុខ សប្បាយណា បានសម្តែងអារម្មណ៍សប្បាយរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរជាតិអប្សរា ដែលតែងតែសហការក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាពេលកន្លងមក។ លោក សុខ សប្បាយណាបន្តថា ការចូលរួមនេះ គឺបង្ហាញឲ្យឃើញពីការលះបង់ដើម្បីវិស័យវប្បធម៌ជាតិទាំងមូល។

ក្រៅពីនេះ ថ្នាក់ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានបង្ហាញពីវីដេអូខ្លី ជុំវិញព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាពេលកន្លងមក ក៏ដូចជាកម្មវិធីមួយចំនួន ដែលគ្រោងធ្វើនៅឆ្នាំ២០១៧ខាងមុខ។ ក្នុងនោះ បើតាមការបញ្ជាក់របស់លោក សុខ សប្បាយណា មានកម្មវិធីខ្លះនៅរក្សាដដែល ខ្លះកែសម្រួល និងខ្លះទៀត ពុំមានក្នុងកម្មវិធីឆ្នាំនេះទេ។

គួររម្លឹកថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។កាលពី លើកទី១ នាឆ្នាំ២០១៣ ព្រឹត្តិការណ៍នេះ ទាក់ទាញភ្ញៀវទេសចរ ១៧ម៉ឺននាក់ លើកទី២ ឆ្នាំ២០១៤ ចំនួន ៣៨ម៉ឺននាក់ លើកទី៣ ឆ្នាំ២០១៥ មានចំនួន ៩៧ម៉ឺននាក់ និងលើកទីបួន ឆ្នាំ២០១៦ គឺកើនឡើងដល់ទៅ ១,៣លាននាក់ ហើយគេរំពឹងថានៅឆ្នាំ២០១៧នេះ ចំនួននេះនឹងបន្តកើនឡើងទៀត៕