(កណ្ដាល)៖ កម្លាំងកងរាជអាវុធហត្ថស្រុកកៀនស្វាយ ខេត្តកណ្តាលក្រោមការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា បានចុះទៅបង្ក្រាប និងចាប់ខ្លួនជនសង្ស័យគ្រឿងញៀន២នាក់ ដកហូតបានថ្នាំជាង១០០កញ្ចប់ និងកាំភ្លើងច្នៃមួយដើម។

លោកវរសេនីយ៍ត្រី អ៊ួន សុផាត មេបញ្ជាការអាវុធហត្ថស្រុកកៀនស្វាយ បានឲ្យដឹងនៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ នៅចំណុចមាត់ទន្លេរកោះតូច ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ដោយក្នុងនោះកម្លាំងជំនាញឃាត់ខ្លួនបាន ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៥នាក់។

ជនសង្ស័យទី១៖ឈ្មោះ ប៊ុន រដ្ធា ហៅអាតើម និងទី២៖ឈ្មោះ អុល វិសាល។

លោកវរសេនីយ៍ត្រី បញ្ជាក់ថា ក្នុងនោះកម្លាំងរបស់លោក ដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក ១១៩កញ្ចប់ក្នុងនោះ ៥០កញ្ចប់ ជនសង្ស័យបានបោះចូលក្នុងទឹក​, កាំភ្លើងច្នៃមួយដើម ប្រើគ្រាប់កង់ និងឧបករណ៍ពាក់ព័ន្ធមួយចំនួនទៀត។

លោកមេបញ្ជាការអាវុធហត្ថខេត្តកណ្តាល បានបញ្ជាក់ផងដែរ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងអភិបាលខេត្តកណ្តាល ម៉ៅ ភិរុណ កម្លាំងរបស់លោកនឹងធ្វើការស្រាវជ្រាវបន្តទៀត លើការបង្ក្រាបករណីគ្រឿងញៀននេះ។

ក្រោយឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕