(ហាណូយ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ បានធ្វើទស្សនកិច្ចទៅកាន់ រដ្ឋធានីហាណូយ ប្រទេសវៀតណាម និងបានជួបពិភាក្សាការងារជាមួយលោក NGUYEN DUC CHUNG ប្រធានគណៈ កម្មាធិការប្រជាជនរដ្ឋធានីហាណូយ​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​។

ក្នុងជំនួបនោះ លោក ប៉ា សុជាតិវង្ស បានស្នើដល់ភាគីវៀតណាមឲ្យចូលរួមផ្តល់ថវិកា៥០ភាគរយ ក្នុងការជួសជុលកែលំអរ ផ្លូវហាណូយ ដែលជាជំនួយរបស់ទីក្រុងហាណូយ មានប្រវែងជាង ១០គីឡូម៉ែត្រដែលជាផ្លូវបេតុងវែងជាងគេ ក្នុងរាជធានីភ្នំពេញ ដើម្បីទុកជាចំណងដៃមិត្ត ភាពអបអរសាទរខួបលើកទី៥០ នៃទំនាក់ទំនងការទូតនៃប្រទេសទាំង២ កម្ពុជា-វៀតណាម។

ជាមួយគ្នានេះ ​លោកអភិបាលរាជធានីភ្នំពេញបានលើកឡើងថា រាជធានីភ្នំពេញ និងទីក្រុងហាណូយបានចងសម្ពន្ធ័ភាព នឹងគ្នាគិតមកដល់ពេលនេះមានរយៈពេល១២ ឆ្នាំហើយ ចាប់តាំងពីឆ្នាំ២០០៤មក ហើយថ្នាក់ដឹកនាំនៃប្រទេសទាំង២ តែងបានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅ មកក្នុងគោលដៅរិតចំណងសាមគ្គីភាព មិត្តភាពដ៏រឹងមាំ។

លោកអភិបាលរាជធានីភ្នំពេញ និងប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានី ហាណូយលើកឡើងពីផ្លែផ្កានៃកិច្ច សហប្រតិបត្តិការ ទីក្រុងទាំង២។

ជាការឆ្លើយតបលោក Nguyen Duc Chung បានលើកឡើងពីដំណើរការអភិវឌ្ឍន៍ទីក្រុងហាណូយ ដែលមានសណ្ឋាន មិនខុសគ្នាប៉ុន្មានពីរាជធានីភ្នំពេញ។ ដោយសារកំណើនប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ច ទីក្រុងហាណូយក៏បានកាត់ បញ្ចូលភូមិសាស្ត្រមួយចំនួនមកក្នុងទីក្រុង ធ្វើឲ្យទីក្រុងហាណូយ បច្ចុប្បន្នមានផ្ទៃដីទំហំ៣៣,០០០គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋរស់នៅជាង១០លាននាក់ ក្នុងនោះអ្នករស់នៅអចិន្ត្រៃប្រមាណ៧លានកន្លះ និង អ្នកមកសិក្សា និងបំពេញការងារជាង២លាននាក់។

លោកបានលើកឡើងទៀតថា កំណើនសេដ្ឋកិច្ចរបស់ទីក្រុងហាណូយ បានកើនឡើង៨.២ភាគរយ ក្នុងឆ្នាំ២០១៦ ដោយមានក្រុមហ៊ុនវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកជាង៧ពាន់ក្រុម ហ៊ុន។ កំណើនភ្ញៀវទេសចរមាន៣០%ក្នុងមួយឆ្នាំ ស្មើនឹងចំនួនមនុស្សជាង៤លាននាក់ ដែលកត្តានេះទាមទាឲ្យមានការគិតគូររៀបចំ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងបរិស្ថានឲ្យបាន ខ្លាំងក្លា។

លោក Nguyen Duc Chung បានលើកឡើងពីចំណងទាក់ទងដ៏ជិតស្និតរវាងវៀតណាម និងកម្ពុជាហើយជាពិសេស តាមរយៈ ដំណើរទស្សនកិច្ចជាផ្លូវការចុងក្រោយ នេះរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជានៅ សាធារណរដ្ឋ សង្គមនិយមវៀតណាមដោយសម្តេចបានស្មើឲ្យ លប់ចោលប្រពន្ធ័ទូរសព្ទ័រ៉ូមីង សំរាប់ប្រទេសទាំង ៣កម្ពុជា-វៀតណាម-ឡាវដោយមិនគិតប្រាក់។

 ក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស បានលើកឡើងផងដែរ ពីដំណើរការអភិវឌ្ឍរាជធានីភ្នំពេញ និងបញ្ហាប្រឈម មួយចំនួន ដូចជាការស្ទះចរាចរណ៍, បញ្ហាបរិស្ថាននិង កំណើនប្រជាពលរដ្ឋយ៉ាងគំហុកដែលទាមទារ​ ឲ្យមានការគិតគូរ ដោយម៉ត់ចត់។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងយកចិត្តទុកដាក់ចេញផែនការជួសជុល កែលម្អរ ហេដ្ឋារចនាសម្ពន្ធ័ផ្លូវ លូក្នុងទីក្រុង, ផ្លូវខ្សែក្រវ៉ាត់ក្រុង និងការរុញសេវាសំណូមពរ និងសេវាតំរូវការឲ្យបានគៀក នឹងប្រជាពលរដ្ឋ ក៏ដូចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈដែលជាកត្តាចំបងសំរាប់ការអភិវឌ្ឍន៏។ តាមរយៈកិច្ចសហការនេះ ទីក្រុងហាណូយបានជួយដល់រាជធានីភ្នំពេញមានហេដ្ឋារចនាសម្ពន្ធ័, វិសយ័អប់រំ និងសុខាភិបាលជាដើម។

កិច្ចពិភាក្សានេះក៏មានការចូលរួមពីលោក ប្រាក់ ងួនហុង ឯកអគ្គរាជទូតកម្ពុជាប្រចាំ  ប្រទេសវៀតណាមផងដែរ៕