(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ប្រធានគណៈកម្មការកណ្តាល ប្រឡងជ្រើសរើសក្របខណ្ឌ នគរបាលជាតិ បានសរសេរក្នុង Facebook ផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះថា លទ្ធផលប្រឡងប្រជែងជ្រើសរើស ចូលក្របខ័ណ្ឌនគរបាលជាតិ នឹងត្រូវប្រកាសនៅសប្តាហ៍ទី៤ ខែធ្នូនេះ មុនដំណាច់ឆ្នាំ២០១៦។

នាយឧត្តមសេនីយ៍ ​​ឯម សំអាន បានបញ្ជាក់ទៀតថា លទ្ធផលប្រឡងនឹងត្រូវបិទប្រកាសជាសាធារណៈ នៅតាមស្នងការទូទាំងប្រទេស ដែលជាទីកន្លែងដែលបេក្ខជនមកបំពេញ ការងារក្រោយប្រឡងជាប់ ចូលរៀនវិជ្ជាជីវៈនគរបាល។

នាយឧត្តមសេនីយ៍បានបន្ថែមទៀតថា «អរុណសួស្តី ក្មួយៗ បេក្ខជន បេក្ខនារី ប្រឡងប្រជែង ជ្រើសរើសចូលក្របខ័ណ្ឌនគរបាលជាតិជាទីមេត្រី នេះជាសប្តាហ៍ទី៤ ខែធ្នូ មុនបំណាច់ឆ្នាំចាស់ចូលឆ្នាំថ្មី លទ្ធផលប្រឡងកន្លងហើយ និងត្រូវបិទប្រកាសជាសាធារណៈ នៅតាមស្នងការទូទាំងប្រទេស ជាទីកន្លែងដែលក្មួយៗត្រូវបំពេញការងារ ក្រោយប្រឡងជាប់ ចូលរៀនវិជ្ជាជីវៈនគរបាល ប្រមូលផ្តុំតាមសាលា បញ្ចប់ការរៀនសូត្រវិជ្ជាជីវៈ និងជំនាញ និទ្ទេសល្អតាមវិន័យ ក្មួយបានរៀនត្រូវតាំងស៊ុប ក្នុងក្របខណ្ឌនគរបាលជាតិ បំរើកិច្ចការជូនជាតិ និងប្រជាជន ប្រកបដោយជំនាញនិងវិជ្ជាជីវៈ។ ជូនពរក្មួយប្រឡងជាប់ បាននិទ្ទេសល្អ រៀនសូត្រពូកែ មានជំនាញ វិជ្ជាជីវៈជាមន្ត្រីនគរបាលល្អ បំរើប្រទេសជាតិ ក្នុងវិស័យសន្តិសុខប្រកប ដោយជោគជ័យគ្រប់ៗគ្នា»