(ភ្នំពេញ)៖ នៅមុននេះបន្តិចនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ តុលាការ​បានសម្រេចប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លោក​ សម​ រង្ស៊ី​ ដាក់​ពន្ធនាគារ​រយៈពេល​៥ឆ្នាំ​ និង​ ផ្តន្ទា​ទោស​ជំនួយការ​ពីរ​នាក់​ ឈ្មោះ អ៉ឹង ជុងលាង និងឈ្មោះ សត្យា សម្បត្តិ ដាក់​ពន្ធនាគារ​៥ឆ្នាំ​ តែ​អនុវត្ត​៣ឆ្នាំ​តាមមាត្រា១០៧. ១០៨ ៤៩៥ និងមាត្រា ២៩ នៃក្រមព្រហកមទណ្ឌ។​ សាលក្រម​នេះ​តុលាការ​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យកម្លាំងសមត្ថកិច្ចតាម​ចាប់​ខ្លួន​ជនជាប់ចោទ​ទាំង​៣នាក់​ ដើម្បី​យក​មក​អនុវត្ត​ទោស​។​

សាលក្រម​ប្រកាស​ដោយ​កំបាំង​មុខ​ជនជាប់ចោទ​និង​មេធាវី​ តែ​ចាត់​ទុក​ជា​ចំពោះ​មុខ​ បើក​ផ្លូវ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​។

ការប្រកាសសាលក្រមនេះ ធ្វើឡើងដោយ លោក លាង សំណាត់ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសំណុំរឿងនេះនៅសាលាដំបូងរាជធានីភ្នំពេញ។ ជនជាប់ចោទ ក្នុងករណីនេះមានលោក សម រង្ស៊ី លោក អ៊ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ត្រូវបានតុលាការចោទប្រកាន់ ពីបទ សមគំនិតក្នុងអំពើក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៦២៩ មាត្រា៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ បច្ចុប្បន្នជនជាប់ចោទទាំង៣នាក់ កំពុងរត់គេចខ្លួននៅបរទេស។

អង្គហេតុសំខាន់ដែលនាំឲ្យមានការចោទប្រកាន់លើលោក សម រង្ស៊ី និងសហការីរបស់លោក២នាក់ទៀតនេះ គឺយោងទៅតាមចម្លើយសារភាពរបស់លោក ហុង សុខហួរ ដែលបាមនឆ្លើយបំភ្លឺក្នុងសវនាការ២លើករួចមកហើយ ពាក់ព័ន្ធនិងបញ្ហាផែនទីក្លែងក្លាយ រួមទាំងឯកសារមួយចំនួនធំស្ដីអំពីផែនទី បន្ទាត់ព្រំដែនគោក ទឹក ដែលលោក ហុង សុខហួរ បានយកទៅបង្ហោះ នៅក្នុងផេក និងអខោនរបស់លោក សម រង្ស៊ី បង្កឲ្យមានការយល់ច្រលំពីមជ្ឈដ្ផានមហាជនគ្រប់ស្រទាប់វណ្ណៈ។

នៅក្នុងចំលើយសារភាពរបស់លោក ហុង សុខហួរ បានបញ្ជាក់ថា លោកជាអ្នកបញ្ជាអោយអ្នកបច្ចេកទេសគ្រប់គ្រងគណនីហ្វេសបុកលោក សម រង្ស៊ី ឈ្មោះ អ៉ឹង ជុងលាង និងសម្បត្តិ សត្យា រៀបចំផែនទី និងឯកសារស្ដីពីព្រំដែន ដាក់បង្ហោះក្នុងអខោនហ្វេសបុករបស់លោក សម រង្ស៊ី ដោយសារតែហ្វេសបុកលោក សម រង្ស៊ី មាន Friends ច្រើនលាននាក់ចូលអាន។

ដោយយោងលើចំលើយសារភាពរបស់លោក ហុង សុខហួរ បែបនេះហើយទើបតុលាការបានបំបែកសំណុំរឿងចោទប្រកាន់បន្ថែមលើលោក សម រង្ស៊ី និងសហការីរបស់គាត់ ដែលក្នុងខណៈនោះដែរ ជនសង្ស័យទាំង៣នាក់ បានរត់គេចខ្លួនទៅបរទេសបាត់ដល់បច្ចប្បន្ន។

ចំពោះសំណុំរឿងលោក ហុង សុខហួរ នេះដែរ សាលាដំបូងរាជធានីភ្នំពេញ មិនទាន់បានកាត់ក្ដីចប់នៅឡើយទេ ដោយសារមេធាវីការពារផ្លូវច្បាប់ឲ្យលោក ហុង សុខហួរ បានស្នើឲ្យចាត់របៀបដើម្បីដាក់បញ្ចូលឧបករណ៍អេឡិចត្រូនិច ក្នុងការទាញយកសារពីប្រភពដើមដែលជនជាប់ចោទទាញ យកមកប្រើប្រាសផ្សព្វផ្សាយ នៅក្នុហ្វេសបុកលោក សម រង្ស៊ី៕

សូមបញ្ជាក់ថា សំណុំរឿងនេះ គឺត្រូវបានបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។ ចំពោះសំណុំរឿងនេះ លោក ហុង សុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦៕