(ភ្នំពេញ)៖ ក្រោមយុទ្ធនាការ «ចែករំលែកក្តីស្រលាញ់ជាមួយក្រវិលកំប៉ុងរបស់អ្នក» ក្រុមហ៊ុនស្រាបៀរលីអូ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធី បរិច្ចាគក្រវិលកំប៉ុង ជូនដល់មូលនិធិជើងសិប្បនិម្មិត របស់ម្ចាស់ក្សត្រីថៃ ដើម្បីផលិតជើងសិប្បនិម្មិត ជូនជនពិការកម្ពុជានៅ ទីបញ្ជាការមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា។

ក្រវិលកំប៉ុងអាលុយមីញ៉ូមដែល ប្រមូលបានពីកាបរិច្ចាគរបស់សាធារណជននៅទូទាំងប្រទេសអស់រយៈពេលជាច្រើនខែ កន្លងមកនេះ មានប្រមាណជិត៥០គីឡូក្រាម ដែលនឹងត្រូវយកទៅរំលាយសម្រាប់យកទៅធ្វជើងសិប្បនិម្មិត។

អ្នកនាង កាន់ជីត ភាវផាន់ឈូ ប្រធានគ្រប់គ្រងយុទ្ធសាស្រ្ដទីផ្សារ របស់ក្រុមហ៊ុន Singha Asia បានថ្លែងថា យុទ្ធនាការជួយសង្គមរបស់ស្រាបៀរលីអូ «ចែករំលែកក្តីស្រលាញ់ជាមួយក្រវិលកំប៉ុងរបស់អ្នក» ធ្វើឡើងដើម្បីរួមចំណែក ជួយដល់ជនពិការកម្ពុជា តាមរយៈការប្រមូលក្រវិលកំប៉ុង ដែលសាធារណជនទាំងអស់បរិច្ចាគទូទាំងប្រទេស។

លោកស្រីបន្ដថា ក្រវិលកំប៉ុងទាំងនោះ ត្រូវបានប្រគល់ជូនមូលនិធិជើងសិប្បនិម្មិត ដើម្បីផលិតជើងសិប្បនិម្មិត ក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមករាឆ្នាំ២០១៧ ហើយយុទ្ធនាការនេះ មានការចូលរួមសហការពីមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់(CMAC) ក្នុងការជួយនាំជនពិការ មកពីតាមបណ្តាស្រុកមួយចំនួនដូចជា ស្រុកកណ្តាលស្ទឹង  ស្រុកល្វាឯម លើកដែក ស្រុកសំឡូត  ស្រុករតនៈមណ្ឌល  និងខេត្តបាត់ដំបង។

អ្នកនាងបានបន្ថែមថា «ស្រាបៀរលីអូ បានជួយប្រជាជនកម្ពុជាជាច្រើន ឲ្យមានភាពរីករាយ មានមិត្តភាពមានសមិទ្ធផល ឬជួយឲ្យមានភាពសប្បាយ ក្រោយពេលធ្វើការងារពេញមួយថ្ងៃអស់រយៈពេលជាច្រើនឆ្នាំ ហើយឥឡូវនេះយើងក៏បានជួយគាំទ្រដល់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅ ជាមួយភាពពិការផងដែរ លើសពីនេះស្រាបៀរលីអូ មិនអាចធ្វើឲ្យកម្មវិធីនេះ សម្រេចបានជោគជ័យទេ បើមិនមានការចូលរួមពីអ្នកទាំងអស់គ្នា ក្នុងការជួយដល់ប្រជាជនកម្ពុជាដែលកំពុងរស់នៅជាមួយភាពពិការនេះ»

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា(CMAC)បានថ្លែងថា មូលនិធិផលិតជើងសិន្បនិម្មិត ប្រទេសថៃ នឹងផលិតជើងសិប្បនិម្មិត នៅទីបញ្ជាការមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ពីថ្ងៃទី២ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ សម្រាប់ផ្តល់ជូនជនពិការកម្ពុជា ជាង១២០នាក់ ហើយជើងសិប្បនិម្មិត ជនពិការកម្ពុជានឹងអាចមានលទ្ធភាពក្នុងការកសាងជីវភាព ងាយស្រួលក្នុងការដើរ និងប្រកបរបរចិញ្ចឹមជីវិត។

ទន្ទឹមនឹងនោះ លោក ក៏បានអំពាវនាវឱ្យជនពិការទាំងអស់ពង្រឹងស្មារតីរឹងមាំ កុំបាក់ទឹកចិត្ត ព្រោះរាជរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះជនពិការខ្លាំង ជាពិសេសសម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា។

លោកវេជ្ជបណ្ឌិត Krianglit Sukcharoeunsin តំណាងមូលនិធិជើងសិប្បនិម្មិត របស់ម្ចាស់ក្សត្រីប្រទេសថៃ បានឲ្យដឹងផងដែរថា មូលនិធិជើងសិប្បនិម្មិត បានបង្កើតឡើងនៅឆ្នាំ១៩៩២ ដោយព្រះរាជមាតារបស់ព្រះមហាក្សត្រថៃ ភូមិបុលអាប់ឌុលយ៉ាដេត និងបច្ចុប្បន្នព្រះអម្ចាស់ក្សត្រីចក្រីសិរិនថន ជាព្រះប្រធានកិត្តិយស ហើយមូលនិធិជើងសិប្បនិម្មិត ជាអង្គការមិនស្វែងរកប្រាក់ចំណេញទេ។

លោកបន្ដថាការបង្កើតមូលនិធិនេះ គឺក្នុងគោលបំណងចម្បង របស់មូលនិធិ គឺជួយកាត់បន្ថយទុក្ខវេទនា របស់ជនពិការក្រីក្រថៃ និងបណ្តាប្រទេសផ្សេងៗទៀត តាមរយៈការផ្តល់ជើងសិប្បនិម្មិតមិគិតថ្លៃ និងជួយឱ្យជីវិតជនពិការ អាចប្រកបរបរចិញ្ចឹមជីវិតកាន់តែប្រសើរ ដោយសារជនពិការ នៅតាមទីជនបទ មានការលំបាក ក្នុងការធ្វើដំណើរ មូលនិធិបានបង្កើតគ្លីនិកចល័ត ដើម្បីព្យាបាល និងផលិតជើងសិប្បនិម្មិត ដល់ជនពិការនៅថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា៕