(ព្រះសីហនុ)៖ កម្លាំងមន្ទីរយុត្តិធម៌ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបន្តប្រតិបត្តិការ​បង្ក្រាបក្រុមជួញដូរគ្រឿងញៀន ជាបន្តបន្ទាប់ រហូតឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យ៣នាក់ ព្រមទាំងដកហូតថ្នាំញៀន ចំនួន២៧កញ្ចប់ និងវត្ថុតាង​មួយចំនួនទៀត។

មន្រ្តីអាវុធហត្ថបានបញ្ជាក់ថា ករណីទី១ នៅវេលាម៉ោង១៤:៣០នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧នេះ កម្លាំងមន្ទីរយុត្តិធម៌ចំនួន០៧នាក់បានចុះបង្ក្រាប​ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅចំណុចផ្លូវសេតេក្រុមទី១២ ភូមិ០៣ សង្កាត់០២ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ០១ឈ្មោះនិតសុភ័ក្ត្រភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ។

ក្រោយការចាប់ខ្លួនកម្លាំងអាវុធហត្ថ បានដកហូត ម្សៅសថ្លា២៣កញ្ចប់(ធំ០៤-តូច១៩), ថ្នាំគ្រាប់ពណ៍ផ្កាឈូក=០១គ្រាប់, លុយ=១០០.០០០៛, ដាវសាំម៉ូរ៉ៃ=០២, ដបជក់=០១, ទូរស័ព្ទដៃ=០២គ្រឿងនិងថង់សម្រាប់ច្រកថ្នាំមួយចំនួនធំ។

ករណីទី២ នៅវេលាម៉ោង១៦:១៥នាទីថ្ងៃដដែលនេះនៅចំណុចចំណតរថយន្តស្រាបៀរអង្គរ ក្រុមទី១៥ ភូមិ០១សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ បានចំនួន០២នាក់៖​ ១-ឈ្មោះ យ៉ូ ជា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើត ភូមិព្រាល២ ឃុំថ្មពូន ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅ ក្រោយផ្សារសាន់ហាន់ (ទួលសង្កែ) រាជធានីភ្នំពេញ (ជួញដូរគ្រឿងញៀន២-ឈ្មោះ.លាង ភារុណ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើត ភូមិធំ ឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅ មិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន)។

ក្រោយចាប់ខ្លួនជនសង្ស័យ កម្លាំងអាវុធហត្ថ បានដកហូតម្សៅសថ្លា=០៤កញ្ចប់តូច, ដែកកេះ=០៤, ដបជក់=០១, លុយ=២០$, ទូរស័ព្ទដៃ=០៣គ្រឿង, ប័ណ្ណបើកបរ=០២, ថង់សម្រាប់ច្រកថ្នាំមួយចំនួនធំ និងរថយន្ត=០១គ្រឿង ប្រភេទកុងតឺន័រដឹកស្រាបៀរពណ៌ក្រហមពាក់ស្លាកលេខ ព្រះសីហនុ 3A-0432។

សម្រាប់ជនសង្ស័យ និងវត្ថុតាង ការិ-ជំនាញបទល្មើសគ្រឿងញៀន កំពុងអនុវត្តតាមនិតិវិធីបន្ត។

ដោយអនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តព្រះសីហនុ តែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តន៍យន្តកាខាងលើ ពិសេសលោកមេបញ្ជាការបានជំរុញ ដាស់តឿនក្រើនរំលឹក ដល់ជំនាញ មេបញ្ជាការ​គ្រប់លំដាប់ថ្នាក់ ឲ្យធ្វើសកម្មភាពបង្ការ បង្ក្រាប សង្គ្រោះ ជាប្រចាំដូចភ្លៀងរលឹម ហើយបង្ក្រាបបានជាបន្តបន្ទាប់ មិនឈប់ទាល់តែអស់ បទល្មើស ពិសេស​បទល្មើសគ្រឿងញៀន។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត៕